សំបុត្រជូនចំពោះគ្រិស្តសាសនិកនៅក្រុងកូឡុស ៣:១-២៥

  • បុគ្គលិក​លក្ខណៈ​ចាស់​និង​ថ្មី (​១​-​១៧)

    • រម្ងាប់​អវយវៈ​រូប​កាយ (​)

    • សេចក្ដី​ស្រឡាញ់​ជា​ចំណង​ដែល​ធ្វើ​ឲ្យមានសាមគ្គីភាព​ល្អ​ឥត​ខ្ចោះ (​១៤)

  • ឱវាទ​សម្រាប់​ក្រុម​គ្រួសារ​គ្រិស្ត​សាសនិក (​១៨​-​២៥)

 ក៏​ប៉ុន្តែ ប្រសិន​បើ​អ្នក​រាល់​គ្នា​បាន​រស់​ឡើង​វិញ​ជា​មួយ​នឹង​គ្រិស្ត+ ចូរ​បន្ត​ស្វែង​រក​អ្វី​ដែល​នៅ​ស្ថាន​លើ ជា​កន្លែង​ដែល​គ្រិស្ត​អង្គុយ​នៅ​ខាង​ស្ដាំ​ព្រះ។+ ២  ចូរ​ផ្ចង់​ចិត្ត​ទៅ​លើ​អ្វី​ដែល​នៅ​ស្ថាន​លើ+ មិន​មែន​ទៅ​លើ​អ្វី​ដែល​នៅ​ផែនដី​ឡើយ។+ ៣  ព្រោះ​អ្នក​រាល់​គ្នា​បាន​ស្លាប់ ហើយ​ជីវិត​របស់​អ្នក​រាល់​គ្នា​បាន​ត្រូវ​ផ្ញើ​ទុក​នឹង​គ្រិស្ត ស្រប​តាម​បំណង​ប្រាថ្នា​របស់​ព្រះ។ ៤  ពេល​គ្រិស្ត​ដែល​ជា​អ្នក​ផ្ដល់​ជីវិត*+លេច​មក នោះ​អ្នក​រាល់​គ្នា​ក៏​នឹង​លេច​មក​ជា​មួយ​នឹង​លោក​ក្នុង​សិរី​រុង​រឿង​របស់​លោក​ដែរ។+ ៥  ដូច្នេះ ចូរ​រម្ងាប់​ភាព​ទោរ​ទន់​ដែល​មាន​នៅ​ក្នុង​អវយវៈ​រូប​កាយ​របស់​អ្នក​រាល់​គ្នា*+ គឺ​ភាព​ទោរ​ទន់​ទៅ​រក​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ* អំពើ​ស្មោក​គ្រោក ការ​មិន​គ្រប់​គ្រង​លើ​ចំណង់​ផ្លូវ​ភេទ+ សេចក្ដី​ប៉ង​ប្រាថ្នា​អាក្រក់ និង​ការ​លោភ​លន់​ដែល​ប្រៀប​ដូច​ជា​ការ​គោរព​បូជា​រូប​ព្រះ។ ៦  ព្រះ​នឹង​បញ្ចេញ​កំហឹង​ទៅ​លើ​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទាំង​នោះ។ ៧  ពី​មុន​អ្នក​រាល់​គ្នា​ក៏​ធ្លាប់​ប្រព្រឹត្ត​អំពើ​ទាំង​នោះ​ដែរ+ ៨  តែ​ឥឡូវ ចូរ​អ្នក​រាល់​គ្នា​លះ​ចោល​កំហឹង ចិត្ត​ក្ដៅ​ក្រហាយ អំពើ​អាក្រក់+ ពាក្យ​ប្រមាថ​មើល​ងាយ+ ហើយ​កុំ​ឲ្យ​ពាក្យ​អាសអាភាស+ចេញ​ពី​មាត់​អ្នក​រាល់​គ្នា​ឲ្យ​សោះ។ ៩  កុំ​កុហក​គ្នា​ឡើយ។+ ចូរ​ដោះ​បុគ្គលិក​លក្ខណៈ​ចាស់​ចេញ+ រួម​ទាំង​ការ​ប្រព្រឹត្ត​ពី​មុន​របស់​អ្នក​ផង។ ១០  រួច​ចូរ​បំពាក់​ខ្លួន​ដោយ​បុគ្គលិក​លក្ខណៈ​ថ្មី+ ដែល​កំពុង​ត្រូវ​កែ​ប្រែ​ឲ្យ​ថ្មី​តាម​រយៈ​ចំណេះ​ត្រឹម​ត្រូវ ស្រប​តាម​លក្ខណៈ​របស់​លោក​ដែល​បាន​បង្កើត​បុគ្គលិក​លក្ខណៈ​ថ្មី​នោះ។+ ១១  ក្នុង​បុគ្គលិក​លក្ខណៈ​ថ្មី​នោះ គ្មាន​ជនជាតិ​ក្រិច​ឬ​ជនជាតិ​យូដា គ្មាន​ការ​កាត់​ចុង​ស្បែក*ឬ​មិន​កាត់​ចុង​ស្បែក គ្មាន​ជន​បរទេស ជន​ជាតិ​ស៊ិទា* ខ្ញុំ​បម្រើ​ឬ​អ្នក​មាន​សេរី​ភាព​ឡើយ។ ប៉ុន្តែ គ្រិស្ត​គឺ​ជា​អ្វី​ៗ​ទាំង​អស់ ហើយ​នៅ​ក្នុង​អ្វី​ៗ​ទាំង​អស់។+ ១២  ដូច្នេះ ក្នុង​នាម​ជា​អ្នក​ដែល​ព្រះ​ស្រឡាញ់ ជា​អ្នក​ដែល​ព្រះ​បាន​ជ្រើស​រើស+ និង​ជា​អ្នក​បរិសុទ្ធ ចូរ​បំពាក់​ខ្លួន​ដោយ​សេចក្ដី​មេត្តា​ករុណា​ដ៏​ជ្រាល​ជ្រៅ+ សេចក្ដី​សប្បុរស ចិត្ត​រាប​ទាប+ ចិត្ត​ស្លូត​បូត+ និង​ចិត្ត​អត់​ធ្មត់។+ ១៣  ទោះ​ជា​អ្នក​ណា​មាន​ហេតុ​ត្អូញត្អែរ​អំពី​អ្នក​ណា​ម្នាក់​ក៏​ដោយ+ ចូរ​ទ្រាំ​ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​អភ័យ​ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ។+ ព្រះ​យេហូវ៉ា*បាន​អភ័យ​ទោស​ឲ្យ​អ្នក​រាល់​គ្នា​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ។ ម្ល៉ោះ​ហើយ អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​ដូច្នោះ​ដែរ។+ ១៤  ប៉ុន្តែ ក្រៅ​ពី​ការ​ទាំង​នេះ ចូរ​បំពាក់​ខ្លួន​ដោយ​សេចក្ដី​ស្រឡាញ់+ ព្រោះ​នេះ​ជា​ចំណង​ដែល​ធ្វើ​ឲ្យ​មាន​សាមគ្គីភាព​ល្អ​ឥត​ខ្ចោះ។+ ១៥  ម្យ៉ាង​ទៀត ចូរ​ឲ្យ​សេចក្ដី​សុខ​សាន្ត​របស់​គ្រិស្ត​គ្រប់​គ្រង​ចិត្ត​របស់​អ្នក​រាល់​គ្នា+ ព្រោះ​អ្នក​រាល់​គ្នា​បាន​ត្រូវ​ហៅ​មក​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ត​បែប​នេះ ដើម្បី​ធ្វើ​ជា​រូប​កាយ​តែ​មួយ។ ចូរ​អ្នក​រាល់​គ្នា​បង្ហាញ​អំណរ​គុណ។ ១៦  ចូរ​ឲ្យ​សេចក្ដី​បង្រៀន​របស់​គ្រិស្ត​មាន​នៅ​ក្នុង​ចិត្ត​របស់​អ្នក​រាល់​គ្នា​យ៉ាង​ពេញ​លេញ។ យ៉ាង​នោះ អ្នក​រាល់​គ្នា​នឹង​មាន​ប្រាជ្ញា​សព្វ​គ្រប់។ ចូរ​បន្ត​បង្រៀន​និង​លើក​ទឹក​ចិត្ត*គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ច្រៀង​សរសើរ​ព្រះ+ ដោយ​ច្រៀង​ចម្រៀង​គោរព​ប្រណិប័តន៍​ទាំង​មាន​អំណរ​គុណ* និង​ដោយ​ច្រៀង​ចេញ​ពី​ចិត្ត​ជូន​ព្រះ​យេហូវ៉ា។*+ ១៧  ទោះ​ជា​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ឬ​និយាយ​អ្វី​ក៏​ដោយ ចូរ​ធ្វើ​អ្វី​ៗ​ទាំង​អស់​ក្នុង​នាម​លោក​ម្ចាស់​យេស៊ូ ទាំង​អរគុណ​ព្រះ​ជា​បិតា​តាម​រយៈ​លោក។*+ ១៨  ប្រពន្ធ​ទាំង​ឡាយ​អើយ ចូរ​ចុះ​ចូល​នឹង​ប្ដី+ ព្រោះ​នេះ​ជា​អ្វី​ដែល​អ្នក​កាន់​តាម​លោក​ម្ចាស់​គួរ​ធ្វើ។ ១៩  ប្ដី​ទាំង​ឡាយ​អើយ ចូរ​បន្ត​ស្រឡាញ់​ប្រពន្ធ​ជា​និច្ច+ ហើយ​កុំ​ក្រេវ​ក្រោធ*នឹង​នាង​ឡើយ។+ ២០  កូន​ទាំង​ឡាយ​អើយ ចូរ​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ​ក្នុង​គ្រប់​ការ​ទាំង​អស់+ ព្រោះ​ធ្វើ​ដូច្នេះ​នាំ​ឲ្យ​លោក​ម្ចាស់​ពេញ​ចិត្ត។ ២១  ឪពុក​ទាំង​ឡាយ​អើយ កុំ​ធ្វើ​ឲ្យ​កូន​ខឹង*+ ព្រោះ​ធ្វើ​ដូច្នេះ​នាំ​ឲ្យ​កូន​ធ្លាក់​ទឹក​ចិត្ត។ ២២  ខ្ញុំ​បម្រើ​ទាំង​ឡាយ​អើយ ចូរ​ស្ដាប់​បង្គាប់​ពួក​អ្នក​ដែល​ជា​ម្ចាស់*របស់​អ្នក​ក្នុង​គ្រប់​ការ​ទាំង​អស់+ មិន​គ្រាន់​តែ​ចង់​ផ្គាប់​ចិត្ត​ម្ចាស់​ពេល​ដែល​ម្ចាស់​មើល​ឃើញ​ប៉ុណ្ណោះ​ទេ តែ​ចូរ​ធ្វើ​ដោយ​ស្មោះ​ពី​ចិត្ត និង​ដោយ​កោត​ខ្លាច​ព្រះ​យេហូវ៉ា។* ២៣  ទោះ​ជា​អ្នក​រាល់​គ្នា​ធ្វើ​អ្វី​ក៏​ដោយ ចូរ​ធ្វើ​អស់​ពី​កម្លាំង​កាយ​កម្លាំង​ចិត្ត ទុក​ដូច​ជា​ធ្វើ​ដើម្បី​ព្រះ​យេហូវ៉ា*+ មិន​មែន​ដើម្បី​មនុស្ស​ទេ ២៤  ព្រោះ​អ្នក​រាល់​គ្នា​ដឹង​ថា អ្នក​រាល់​គ្នា​នឹង​ទទួល​រង្វាន់​ជា​មត៌ក​ពី​ព្រះ​យេហូវ៉ា។*+ ចូរ​ខំ​ប្រឹង​ធ្វើ​ការ​ដូច​ជា​ខ្ញុំ​បម្រើ​ដើម្បី​គ្រិស្ត​ជា​ម្ចាស់។ ២៥  អ្នក​ណា​ដែល​ធ្វើ​ខុស អ្នក​នោះ​នឹង​ទទួល​ផល​តាម​កំហុស​របស់​ខ្លួន+ ព្រោះ​ព្រះ​មិន​លម្អៀង​ឡើយ។+

កំណត់សម្គាល់

ន័យ​ត្រង់​«​គ្រិស្ត​ដែល​ជា​ជីវិត​របស់​យើង​»​
ន័យ​ត្រង់​«​អវយវៈ​រូប​កាយ​របស់​អ្នក​រាល់​គ្នា​នៅ​ផែនដី​»​
ភាសា​ក្រិច​«​ផូនៀ​»។ មើល​និយម​ន័យ​ពាក្យ​«​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​»​
មើល​និយម​ន័យ​ពាក្យ​«​ការ​កាត់​ចុង​ស្បែក​»​
​«​ជន​ជាតិ​ស៊ិទា​»​សំដៅ​លើ​មនុស្ស​ព្រៃ
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥
ឬ​«​ដាស់​តឿន​»​
ឬ​«​ទាំង​មាន​ការ​គោរព​»​
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥
នេះ​សំដៅ​លើ​លោក​យេស៊ូ
ឬ​«​កុំ​ប្រព្រឹត្ត​យ៉ាង​ឃោរ​ឃៅ​»​
ឬ​«​មួម៉ៅ​»​
ឬ​«​ម្ចាស់​ដែល​នៅ​ផែនដី​»​
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥