សំបុត្ររបស់យ៉ាកុប ១:១-២៧

  • ការ​សួរ​សុខ​ទុក្ខ (​)

  • ការ​ស៊ូ​ទ្រាំ​នាំ​ឲ្យ​មាន​សុភមង្គល (​២​-​១៥)

    • ជំនឿ​បាន​ត្រូវ​សាក​ល្បង (​)

    • បន្ត​សុំ​ដោយ​មាន​ជំនឿ (​៥​-​៨)

    • សេចក្ដី​ប៉ង​ប្រាថ្នា​នាំ​ទៅ​ដល់​អំពើ​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់ (​១៤, ១៥)

  • គ្រប់​ទាំង​របស់​ល្អ​សុទ្ធ​តែ​មក​ពី​ស្ថាន​លើ (​១៦​-​១៨)

  • ការ​ស្ដាប់​និង​ការ​ធ្វើ​តាម​បណ្ដាំ (​១៩​-​២៥)

    • មនុស្ស​ម្នាក់​ដែល​ឆ្លុះ​មុខ​ក្នុង​កញ្ចក់ (​២៣, ២៤)

  • ការ​គោរព​ប្រណិប័តន៍​ដែល​ស្អាត​ស្អំ​និង​ឥត​សៅហ្មង (​២៦, ២៧)

 ពី​ខ្ញុំ យ៉ាកុប+ ដែល​ជា​ខ្ញុំ​បម្រើ​របស់​ព្រះ​និង​របស់​លោក​ម្ចាស់​យេស៊ូ​គ្រិស្ត ជូន​ចំពោះ​កុល​សម្ព័ន្ធ​ទាំង​១២​ដែល​បែក​ខ្ញែក​គ្នា​ទៅ​កន្លែង​ផ្សេង​ៗ​៖ ជម្រាប​សួរ! ២  បង​ប្អូន​ខ្ញុំ​អើយ ពេល​អ្នក​រាល់​គ្នា​ជួប​ទុក្ខ​លំបាក​ផ្សេង​ៗ ចូរ​ចាត់​ទុក​ថា​ការ​នោះ​ជា​អំណរ​សុទ្ធសាធ+ ៣  ព្រោះ​អ្នក​ដឹង​ថា ពេល​ជំនឿ​របស់​អ្នក​បាន​ត្រូវ​សាក​ល្បង​យ៉ាង​នេះ នោះ​ធ្វើ​ឲ្យ​អ្នក​ចេះ​ស៊ូ​ទ្រាំ។+ ៤  បើ​អ្នក​បន្ត​ស៊ូ​ទ្រាំ នេះ​នឹង​បង្វឹក​បង្ហាត់​អ្នក​ឲ្យ​បាន​ពេញ​លក្ខណៈ* ហើយ​អ្នក​នឹង​គ្មាន​គុណ​វិបត្តិ ក៏​មិន​ខ្វះ​គុណ​សម្បត្តិ​ណា​មួយ​សោះ​ឡើយ។+ ៥  ម្ល៉ោះ​ហើយ ប្រសិន​បើ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​អ្នក​ណា​ម្នាក់​ខ្វះ​ប្រាជ្ញា ចូរ​ឲ្យ​អ្នក​នោះ​សុំ​ព្រះ​ម្ដង​ហើយ​ម្ដង​ទៀត​ចុះ+ ព្រោះ​លោក​ឲ្យ​ដោយ​ចិត្ត​ទូលាយ​ដល់​មនុស្ស​ទាំង​អស់ ហើយ​លោក​មិន​ស្ដី​បន្ទោស*ឡើយ។+ ធ្វើ​ដូច្នេះ អ្នក​នោះ​នឹង​ទទួល​ប្រាជ្ញា​មែន។+ ៦  ប៉ុន្តែ ចូរ​ឲ្យ​អ្នក​នោះ​បន្ត​សុំ​ដោយ​មាន​ជំនឿ+ និង​ដោយ​មិន​សង្ស័យ​សោះ+ ព្រោះ​អ្នក​ណា​ដែល​សង្ស័យ អ្នក​នោះ​ដូច​ជា​រលក​សមុទ្រ​ដែល​រំពើក​ចុះ​ឡើង​ទៅ​តាម​ខ្យល់។ ៧  តាម​ពិត អ្នក​នោះ​មិន​គួរ​រំពឹង​ថា​ខ្លួន​នឹង​ទទួល​អ្វី​ពី​ព្រះ​យេហូវ៉ា*ឡើយ។ ៨  អ្នក​នោះ​មាន​ចិត្ត​ពីរ+ ហើយ​ក៏​មិន​នឹង​ធឹង​ក្នុង​គ្រប់​ការ​ទាំង​អស់​ដែរ។ ៩  ប៉ុន្តែ ចូរ​ឲ្យ​បង​ប្អូន​ដែល​ជា​អ្នក​ក្រ​រីករាយ ដោយ​សារ​បាន​ត្រូវ​លើក​តម្កើង+ ១០  ហើយ​ចូរ​ឲ្យ​បង​ប្អូន​ដែល​ជា​អ្នក​មាន​រីករាយ ដោយ​សារបាន​ត្រូវ​បន្ទាប+ ពី​ព្រោះ​អ្នក​មាន​នឹង​រោយ​ទៅ​ដូច​ផ្កា​នៅ​ឯ​វាល ១១  គាត់​នឹង​បាត់​សូន្យ​ទៅ​ក្នុង​កាល​ដែល​គាត់​កំពុង​ដេញ​តាម​ទ្រព្យ​សម្បត្តិ ដូច​រុក្ខជាតិ​ប្រែ​ជា​ស្លោក ផ្កា​វា​ក៏​ជ្រុះ ហើយ​ភាព​ស្រស់​ស្អាត​នៃ​រុក្ខជាតិ​នោះ​ក៏​បាត់​សូន្យ​ទៅ ក្រោយ​ថ្ងៃ​រះ​បញ្ចេញ​កម្ដៅ​ខ្លាំង​ក្រៃ​លែង។+ ១២  អ្នក​ណា​ដែល​បន្ត​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក អ្នក​នោះ​មាន​សុភមង្គល+ ពី​ព្រោះ​ពេល​ដែល​ព្រះ​យេហូវ៉ា*ពេញ​ចិត្ត​អ្នក​នោះ អ្នក​នោះ​នឹង​ទទួល​មកុដ​ជីវិត+ ដែល​ព្រះ​បាន​សន្យា​ឲ្យ​ដល់​អស់​អ្នក​ដែល​រក្សា​សេចក្ដី​ស្រឡាញ់​ចំពោះ​លោក។+ ១៣  ពេល​ដែល​ជួប​ទុក្ខ​លំបាក កុំ​ឲ្យ​អ្នក​ណា​និយាយ​ថា​៖ ​«​ព្រះ​កំពុង​ល្បង​ល​ខ្ញុំ​»។ ព្រោះ​គ្មាន​អ្នក​ណា​អាច​ល្បង​ល​ព្រះ​ដោយ​សេចក្ដី​អាក្រក់​ឡើយ ហើយ​ព្រះ​ក៏​មិន​ល្បង​ល​អ្នក​ណា​ដោយ​សេចក្ដី​អាក្រក់​ដែរ។ ១៤  ប៉ុន្តែ មនុស្ស​ម្នាក់​ៗ​ត្រូវ​ល្បង​ល​ដោយ​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ខ្លួន​ទាក់​ទាញ​និង​ល្បួង​លួង​លោម។+ ១៥  រួច​មក ពេល​ដែល​សេចក្ដី​ប៉ង​ប្រាថ្នា​នោះ​ចាប់​មាន​គភ៌ នោះ​ក៏​សម្រាល​ចេញ​ជា​អំពើ​ខុស​ឆ្គង* ហើយ​កាល​ណា​អំពើ​ខុស​ឆ្គង​បាន​សម្រេច​ហើយ នោះ​នាំ​ឲ្យ​ស្លាប់។+ ១៦  បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ កុំ​ភាន់​ច្រឡំ​ឡើយ។ ១៧  ព្រោះ​គ្រប់​ទាំង​របស់​ល្អ​និង​អំណោយ​ដ៏​ល្អ​ឥត​ខ្ចោះ សុទ្ធ​តែ​មក​ពី​ស្ថាន​លើ+ ព្រោះ​របស់​ទាំង​នោះ​មក​ពី​បិតា​នៃ​ពន្លឺ​នា​នា​នៅ​លើ​មេឃ+ ហើយ​លោក​មិន​ប្រែ​ប្រួល​ដូច​ស្រមោល​ឡើយ។+ ១៨  ដោយ​សារ​ជា​បំណង​ប្រាថ្នា​របស់​លោក នោះ​លោក​បាន​នាំ​យើង​មក​ដោយ​បណ្ដាំ​នៃ​សេចក្ដី​ពិត។+ លោក​ធ្វើ​ដូច្នេះ ដើម្បី​ឲ្យ​យើង​បាន​ដូច​ជា​ផល​ដំបូង​ពី​ចំណោម​មនុស្សជាតិ។+ ១៩  បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ ចូរ​ដឹង​ថា​មនុស្ស​ម្នាក់​ៗ​ត្រូវ​រហ័ស​ស្ដាប់ មិន​រហ័ស​និយាយ+ មិន​រហ័ស​ខឹង+ ២០  ព្រោះ​កំហឹង​របស់​មនុស្ស​មិន​នាំ​ឲ្យ​ធ្វើ​អ្វី​ត្រឹម​ត្រូវ​ដែល​ព្រះ​ពេញ​ចិត្ត​ទេ។*+ ២១  ដូច្នេះ ចូរ​លះចោល​អ្វី​ៗ​ទាំង​អស់​ដែល​កខ្វក់ និង​អំពើ​អាក្រក់​គ្រប់​បែប​យ៉ាង*+ ហើយ​ចូរ​ទទួល​ដោយ​ចិត្ត​ស្លូត​បូត​នូវ​បណ្ដាំ​របស់​ព្រះ​ដែល​បាន​ត្រូវ​ដាំ​ក្នុង​អ្នក​រាល់​គ្នា គឺ​ជា​បណ្ដាំ​ដែល​អាច​សង្គ្រោះ​ជីវិត*អ្នក​រាល់​គ្នា។ ២២  ក៏​ប៉ុន្តែ ចូរ​អ្នក​រាល់​គ្នា​ទៅ​ជា​អ្នក​ដែល​ប្រព្រឹត្ត​តាម​បណ្ដាំ​របស់​ព្រះ+ ហើយ​កុំ​បញ្ឆោត​ខ្លួន​ដោយ​វែក​ញែក​ខុស​ថា គ្រាន់​តែ​ឮ​គឺ​គ្រប់​គ្រាន់​ហើយ។ ២៣  ព្រោះ​ប្រសិន​បើ​អ្នក​ណា​ជា​អ្នក​ដែល​ឮ​បណ្ដាំ​របស់​ព្រះ តែ​មិន​មែន​ជា​អ្នក​ប្រព្រឹត្ត​តាម+ អ្នកនោះ​គឺ​ដូច​ជា​មនុស្ស​ម្នាក់​ដែល​ឆ្លុះ​មុខ*ក្នុង​កញ្ចក់។ ២៤  ព្រោះ​គាត់​ឆ្លុះ​មុខ​ខ្លួន​ឯង រួច​ចេញ​ទៅ ហើយ​ភ្លេច​ភ្លាម​ថា ខ្លួន​គាត់​ជា​មនុស្ស​បែប​ណា។ ២៥  ប៉ុន្តែ អ្នក​ណា​ដែល​ពិនិត្យ​មើល​ច្បាប់​ល្អ​ឥត​ខ្ចោះ+ដែល​នាំ​ឲ្យ​មាន​សេរី​ភាព ហើយ​ព្យាយាម​ធ្វើ​តាម​ជា​និច្ច អ្នក​នោះ​នឹង​មាន​សុភមង្គល​ក្នុង​ការ​នោះ ពី​ព្រោះ​អ្នក​នោះ​បាន​ទៅ​ជា​អ្នក​ដែល​ធ្វើ​ការ​នោះ មិន​មែន​ជា​អ្នក​ដែល​ឮ រួច​ភ្លេច​ទៅ​វិញ​ទេ។+ ២៦  ប្រសិន​បើ​អ្នក​ណា​គិត​ថា​ខ្លួន​ជា​អ្នក​គោរព​ប្រណិប័តន៍​ព្រះ តែ​មិន​ទប់​អណ្ដាត​ខ្លួន+ អ្នក​នោះ​កំពុង​បញ្ឆោត​ចិត្ត​ខ្លួន ហើយ​ការ​គោរព​ប្រណិប័តន៍​របស់​អ្នក​នោះ​គឺ​គ្មាន​ប្រយោជន៍​ទេ។ ២៧  តាម​ទស្សនៈ​របស់​លោក​ដែល​ជា​ព្រះ​និង​ជា​បិតា​របស់​យើង របៀប​គោរព​ប្រណិប័តន៍​ដែល​ស្អាត​ស្អំ​និង​ឥត​សៅហ្មង​នោះ​គឺ​៖ យើង​ត្រូវ​ថែ​រក្សា​កូន​កំព្រា+និង​ស្ត្រី​មេម៉ាយ+ដែល​កំពុង​រង​ទុក្ខ​វេទនា+ ហើយ​យើង​ត្រូវ​រក្សា​ខ្លួន​មិន​ឲ្យ​ប្រឡូក​ប្រឡាក់​នឹង​ពិភព​លោក​នេះ។+

កំណត់សម្គាល់

ឬ​«​ចូរ​ឲ្យ​ការ​ស៊ូ​ទ្រាំ​សម្រេច​គោល​បំណង​របស់​វា​»​
ឬ​«​មិន​ចាប់​កំហុស​»​
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥
សំដៅ​លើ​អ្វី​ក៏​ដោយ​ដែល​មិន​សម​ស្រប​តាម​បុគ្គលិក​លក្ខណៈ ខ្នាត​តម្រា ការ​ប្រព្រឹត្ត ឬ​បំណង​ប្រាថ្នា​របស់​ព្រះ ហើយ​អ្វី​ក៏​ដោយ​ដែល​ធ្វើ​ឲ្យ​ល្អក់​កករ​ដល់​ទំនាក់​ទំនង​ជា​មួយ​នឹង​ព្រះ
ន័យ​ត្រង់​«​មិន​នាំ​ឲ្យ​បាន​សេចក្ដី​សុចរិត​របស់​ព្រះ​ទេ​»​
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​អំពើ​អាក្រក់​ច្រើន​ក្រៃ​លែង​»​
មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​
ឬ​«​ឆ្លុះ​មុខ​របស់​គាត់​ពី​កំណើត​»​