លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើ​ព្រះ​មាន​នាម​អ្វី?

តើ​ព្រះ​មាន​នាម​អ្វី?

ពេល​អ្នក​ព្យាយាម​ស្គាល់​អ្នក​ណា​ម្នាក់ មុន​គេ​បង្អស់​អ្នក​ទំនង​ជា​សួរ​ថា ​«​តើ​អ្នក​ឈ្មោះ​អ្វី?​»​ បើ​អ្នក​សួរ​សំណួរ​នេះ​ទៅ​ព្រះ តើ​លោក​នឹង​ឆ្លើយ​យ៉ាង​ណា?

«​[​ខ្ញុំ​]ជា​យេហូវ៉ា នេះ​ហើយ​ជា​ឈ្មោះ​របស់ [​ខ្ញុំ​]​»។អេសាយ ៤២:៨

តើ​ឈ្មោះ​នេះ​ថ្មី​សម្រាប់​អ្នក​ឬ​ទេ? ប្រហែល​ជា​ដូច្នេះ ដោយ​សារ​អ្នក​បក​ប្រែ​គម្ពីរ​ជា​ច្រើន​នាក់​មិន​សូវ​ប្រើ​ឈ្មោះ​របស់​ព្រះ ឬ​មិន​ប្រើ​សោះ​តែ​ម្ដង។ ច្រើន​ដង ពួក​គេ​ជំនួស​ឈ្មោះ​របស់​ព្រះ​ដោយ​ឋានន្តរ​«​ព្រះ​អម្ចាស់​»។ ក៏​ប៉ុន្តែ តាម​ពិត​ឈ្មោះ​របស់​ព្រះ​មាន​ជាង​៧.០០០​ដង​ក្នុង​ឯកសារ​គម្ពីរ​ភាសា​ដើម​ទាំង​មូល។ ឈ្មោះ​នោះ​ជា​អក្សរ​ហេប្រឺ​បួន​តួ​ដែល​បាន​ត្រូវ​តំណាង​ដោយ​អក្សរ​យ​ហ​វ​ហ​ឬ​ច​ហ​វ​ហ ហើយ​តាម​ធម្មតា​បាន​ត្រូវ​បក​ប្រែ​ជា​ភាសា​ខ្មែរ​ថា​«​យេហូវ៉ា​»។

នាម​របស់​ព្រះ​មាន​នៅ​ក្នុង​ឯកសារ​ភាសា​ហេប្រឺ​និង​សេចក្ដី​បក​ប្រែ​ជា​ច្រើន​ទៀត

រមូរ​ទំនុក​តម្កើង​ពី​សមុទ្រ​ស្លាប់ សតវត្សរ៍​ទី១ គ.ស. ភាសា​ហេប្រឺ

សេចក្ដី​បក​ប្រែ​ធីនដេល នៅ​ឆ្នាំ​១៥៣០ ភាសា​អង់គ្លេស

សេចក្ដី​បក​ប្រែ​រ៉េ​ណា វ៉ាឡេរ៉ា នៅ​ឆ្នាំ​១៦០២ ភាសា​អេស្ប៉ាញ

សេចក្ដី​បក​ប្រែ​យូញ៉ន នៅ​ឆ្នាំ​១៩១៩ ភាសា​ចិន

ហេតុ​អ្វី​ឈ្មោះ​របស់​ព្រះ​គឺ​សំខាន់?

ឈ្មោះ​នោះ​សំខាន់​ចំពោះ​ព្រះ​ផ្ទាល់។ គ្មាន​អ្នក​ណា​ដាក់​ឈ្មោះ​ឲ្យ​ព្រះ​ទេ លោក​គឺ​ជា​អ្នក​ជ្រើស​រើស​ឈ្មោះ​នោះ​ដោយ​ខ្លួន​លោក។ ព្រះ​យេហូវ៉ា​បាន​ប្រកាស​ថា​៖ ​«​ឈ្មោះ​អញ​នៅ​អស់​កល្ប​ជា​និច្ច ហើយ​ក៏​សំ​រាប់​ជា​សេចក្ដី​រំឭក​ពី​អញ ដល់​គ្រប់​ទាំង​ដំណ​រៀង​រាប​ត​ទៅ​»។ (​និក្ខមនំ ៣:១៥​) ក្នុង​គម្ពីរ ឈ្មោះ​របស់​ព្រះ​មាន​ច្រើន​ដង​ជាង​ឋានន្តរ​របស់​លោក ដែល​មាន​ដូច​ជា​ព្រះ​ដែល​មាន​ឫទ្ធា​នុភាព​ខ្លាំង​ក្លា​បំផុត បិតា​នៅ​ស្ថាន​សួគ៌ លោក​ម្ចាស់ ឬ​ព្រះ​ជា​ដើម ហើយ​ក៏​មាន​ច្រើន​ដង​ជាង​ឈ្មោះ​របស់​បុគ្គល​ផ្សេង​ទៀត​ទាំង​អស់​ក្នុង​គម្ពីរ ដូច​ជា​លោក​យេស៊ូ អាប្រាហាំ ម៉ូសេ ឬ​ដាវីឌ​ជា​ដើម។ ម្យ៉ាង​ទៀត ព្រះ​យេហូវ៉ា​មាន​គោល​បំណង​ចង់​ឲ្យ​ឈ្មោះ​របស់​លោក​បាន​ឮ​សុសសាយ។ គម្ពីរ​ចែង​ថា​៖ ​«​ដើម្បី​ឲ្យ​គេ​បាន​ដឹង​ថា គឺ​ទ្រង់​តែ​១​អង្គ ព្រះ​នាម​ជា​យេហូវ៉ា ដែល​ជា​ព្រះ​ដ៏​ខ្ពស់​បំផុត​លើ​ផែន​ដី​ទាំង​មូល​»។—ទំនុក​តម្កើង ៨៣:១៨

ឈ្មោះ​នោះ​សំខាន់​ចំពោះ​លោក​យេស៊ូ។ ក្នុង​សេចក្ដី​អធិដ្ឋាន​ដែល​គេ​ហៅ​ថា​សេចក្ដី​អធិដ្ឋាន​លោក​ម្ចាស់​ឬ​សេចក្ដី​អធិដ្ឋាន​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌ លោក​យេស៊ូ​បាន​បង្រៀន​អ្នក​កាន់​តាម​លោក​ឲ្យ​អធិដ្ឋាន​ទៅ​ព្រះ​ដោយ​ពាក្យ​ថា​៖ ​«​សូម​ឲ្យ​នាម​របស់​លោក​បាន​បរិសុទ្ធ​»។ (​ម៉ាថាយ ៦:៩​) លោក​យេស៊ូ​ផ្ទាល់​បាន​អធិដ្ឋាន​ទៅ​ព្រះ​ថា​៖ ​«​បិតា​អើយ សូម​លើក​តម្កើង​នាម​របស់​លោក​»។ (​យ៉ូហាន ១២:២៨​) លោក​យេស៊ូ​បាន​លើក​តម្កើង​នាម​របស់​ព្រះ​ដោយ​ចាត់​ទុក​នាម​របស់​ព្រះ​គឺ​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​លោក ហេតុ​នេះ​ហើយ​បាន​ជា​លោក​អាច​មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្ដី​អធិដ្ឋាន​នេះ​ថា​៖ ​«​ខ្ញុំ​បាន​សម្ដែង​ឲ្យ​ពួក​គាត់​ស្គាល់​នាម​របស់​លោក ក៏​នឹង​សម្ដែង​ឲ្យ​ស្គាល់​ត​ទៅ​ទៀត​»។—យ៉ូហាន ១៧:២៦

ឈ្មោះ​នោះ​សំខាន់​ចំពោះ​អ្នក​ដែល​ស្គាល់​ព្រះ។ នៅ​អតីតកាល រាស្ដ្រ​របស់​ព្រះ​យល់​ថា​ការ​ការ​ពារ​និង​សេចក្ដី​សង្គ្រោះ​គឺ​ជាប់​ទាក់​ទង​នឹង​នាម​ដ៏​ពិសេស​របស់​ព្រះ។ ​«​ព្រះ​នាម​ព្រះ​យេហូវ៉ា​ជា​ប៉ម​មាំ​មួន មនុស្ស​សុចរិត​រត់ចូល​ទៅ​ពឹង​ជ្រក ហើយ​មាន​សេចក្ដី​សុខ​»។ (​សុភាសិត ១៨:១០​) ​«​អស់​អ្នក​ណា​ដែល​អំពាវ​នាវ​ដល់​ព្រះ​នាម​ព្រះ​យេហូវ៉ា​នឹង​បាន​ប្រោស​ឲ្យ​រួច​»។ (​យ៉ូអែល ២:៣២​) គម្ពីរ​បង្ហាញ​ថា​អ្នក​ដែល​បម្រើ​ព្រះ​ត្រូវ​តែ​ទទួល​ស្គាល់​នាម​របស់​លោក។ ​«​ទោះ​បើ​អស់​ទាំង​សាសន៍​ប្រព្រឹត្ត​តាម​ឈ្មោះ​របស់​ព្រះ​នៃ​គេ​រៀង​ខ្លួន គង់​តែ​យើង​រាល់​គ្នា​នឹង​ប្រព្រឹត្ត​តាម​ព្រះ​នាម​នៃ​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​យើង ជា​ដរាប​រៀង​ត​ទៅ​វិញ​»។—មីកា ៤:៥; សកម្មភាព ១៥:១៤

តើ​ឈ្មោះ​របស់​ព្រះ​បង្ហាញ​យ៉ាង​ណា​អំពី​លោក?

ឈ្មោះ​នោះ​បង្ហាញ​អំពី​លក្ខណៈ​របស់​ព្រះ។ បណ្ឌិត​ជា​ច្រើន​នាក់​សន្និដ្ឋាន​ថា​ឈ្មោះ​របស់​ព្រះ​យេហូវ៉ា​មាន​អត្ថន័យ​ថា ​«​លោក​ដែល​ធ្វើ​ឲ្យ​ក្លាយ​ជា​»។ ព្រះ​យេហូវ៉ា​បាន​ពន្យល់​អត្ថន័យ​នៃ​ឈ្មោះ​របស់​លោក ពេល​លោក​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​ដែល​ជា​អ្នក​បម្រើ​លោក។ លោក​បាន​មាន​ប្រសាសន៍​សំដៅ​មក​លើ​លោក​ផ្ទាល់ ពេល​ដែល​ពោល​ថា​៖ ​«​អញ​ជា​ព្រះ​ដ៏​ជា​ព្រះ​»។ (​និក្ខមនំ ៣:១៤​) ពាក្យ​នេះ​ជា​ភាសា​ហេប្រឺ​ដើម​អាច​ត្រូវ​បក​ប្រែ​ថា ​«​ខ្ញុំ​នឹង​ក្លាយ​ទៅ​ជា​អ្វី​ដែល​ខ្ញុំ​ចង់​ក្លាយ​ទៅ​ជា​»។ ដូច្នេះ ឈ្មោះ​របស់​ព្រះ​មិន​ត្រឹម​តែ​ប្រាប់​យើង​ថា​លោក​គឺ​ជា​អ្នក​បង្កើត​អ្វី​ៗ​ទាំង​អស់​ប៉ុណ្ណោះ​ទេ តែ​ឈ្មោះ​របស់​លោក​ក៏​បង្ហាញ​អំពី​សមត្ថភាព​របស់​លោក​ក្នុង​ការ​ធ្វើ​ឲ្យ​លោក​ផ្ទាល់​និង​អ្វី​ៗ​ដែល​លោក​បាន​បង្កើត​ក្លាយ​ទៅ​ជា​អ្វី​ដែល​ចាំ​បាច់​ដើម្បី​សម្រេច​គោល​បំណង​របស់​លោក។ កាល​ដែល​ឋានន្តរ​ផ្សេង​ៗ​បញ្ជាក់​អំពី​ឋានៈ អំណាច ឬ​ឫទ្ធា​នុភាព​របស់​ព្រះ មាន​តែ​ឈ្មោះ​របស់​លោក​មួយ​គត់​ដែល​បញ្ជាក់​អំពី​សមត្ថភាព​ទាំង​អស់​របស់​លោក​និង​អ្វី​ដែល​លោក​អាច​សម្រេច។

ឈ្មោះ​នោះ​បង្ហាញ​ថា​ព្រះ​ចាប់​អារម្មណ៍​យើង។ អត្ថន័យ​នៃ​ឈ្មោះ​របស់​ព្រះ​ស​ឲ្យ​ឃើញ​ថា​លោក​តែង​តែ​ស្រឡាញ់​អ្វី​ទាំង​អស់​ដែល​លោក​បាន​បង្កើត រួម​ទាំង​យើង​ផង​ដែរ។ លើស​ពី​នេះ​ទៀត ការ​ដែល​ព្រះ​បាន​ធ្វើ​ឲ្យ​ឈ្មោះ​របស់​លោក​បាន​ឮ​សុសសាយ​បញ្ជាក់​ថា​លោក​ចង់​ឲ្យ​យើង​ស្គាល់​លោក។ ហេតុ​នេះ​ហើយ លោក​បាន​ប្រាប់​ឈ្មោះ​របស់​លោក​ដល់​យើង មុន​យើង​សួរ​រក​ឈ្មោះ​របស់​លោក​ទៅ​ទៀត។ យើង​ឃើញ​ច្បាស់​ថា ព្រះ​ចង់​ឲ្យ​យើង​ចាត់​ទុក​លោក​ជា​បុគ្គល​ពិត​មួយ​រូប​ដែល​យើង​អាច​ចូល​ទៅ​ជិត​បាន មិន​មែន​ជា​ព្រះ​ដែល​នៅ​ឆ្ងាយ​មិន​អាច​ស្គាល់​បាន​នោះ​ទេ។—ទំនុក​តម្កើង ៧៣:២៨

ការ​ប្រើ​ឈ្មោះ​របស់​ព្រះ​បង្ហាញ​ថា​យើង​ចាប់​អារម្មណ៍​ចំពោះ​លោក។ ជា​ឧទាហរណ៍ អ្នក​ប្រហែល​ជា​សុំ​អ្នក​ណា​ម្នាក់​ដែល​នឹង​ទៅ​ជា​មិត្ត​អ្នក​ឲ្យ​ហៅ​ឈ្មោះ​ផ្ទាល់​របស់​អ្នក។ ប៉ុន្តែ តើ​អ្នក​នឹង​មាន​អារម្មណ៍​យ៉ាង​ណា​បើ​អ្នក​នោះ​មិន​ព្រម​ប្រើ​ឈ្មោះ​របស់​អ្នក? អ្នក​ទំនង​ជា​នឹង​ឆ្ងល់​ថា​តើ​បុគ្គល​នោះ​ពិត​ជា​ចង់​ធ្វើ​ជា​មិត្ត​ជិត​ស្និទ្ធ​របស់​អ្នក​ឬ​យ៉ាង​ណា។ ដូច្នេះ ព្រះ​ក៏​មាន​អារម្មណ៍​ដូច​គ្នា​ដែរ។ ព្រះ​យេហូវ៉ា​បាន​ប្រាប់​ឈ្មោះ​របស់​លោក​ដល់​មនុស្សជាតិ ហើយ​លោក​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ប្រើ​ឈ្មោះ​នោះ។ ពេល​យើង​ធ្វើ​ដូច្នេះ យើង​បង្ហាញ​ព្រះ​យេហូវ៉ា​ថា​យើង​ចង់​ទៅ​ជា​មិត្ត​ជិត​ស្និទ្ធ​របស់​លោក។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ លោក​ក៏​កត់​សម្គាល់​«​ពួក​អ្នក​ដែល​នឹក​ដល់​ព្រះ​នាម​ទ្រង់​»​ដែរ។—ម៉ាឡាគី ៣:១៦

ការ​រៀន​អំពី​ឈ្មោះ​របស់​ព្រះ​គឺ​ជា​ជំហាន​ដំបូង​ដ៏​សំខាន់​ដើម្បី​ស្គាល់​លោក។ ក៏​ប៉ុន្តែ យើង​មិន​ត្រូវ​ឈប់​ត្រឹម​នេះ​ឡើយ។ យើង​ក៏​ត្រូវ​រៀន​ថា​តើ​លោក​មាន​គុណ​សម្បត្តិ​អ្វី​ខ្លះ។

តើ​ព្រះ​មាន​នាម​អ្វី? នាម​របស់​ព្រះ​គឺ​យេហូវ៉ា។ នាម​ដ៏​ពិសេស​នោះ​បញ្ជាក់​អំពី​លក្ខណៈ​របស់​លោក​ថា​ជា​បុគ្គល​មួយ​រូប​ដែល​អាច​សម្រេច​គោល​បំណង​ទាំង​អស់​របស់​លោក