លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើមនុស្សល្អទាំងអស់ទៅស្ថានសួគ៌ឬ?

តើមនុស្សល្អទាំងអស់ទៅស្ថានសួគ៌ឬ?

តើ​មនុស្ស​ល្អ​ទាំង​អស់​ទៅ​ស្ថាន​សួគ៌​ឬ?

នៅ​រាត្រី​មុន​គេ​ប្រហារ​ជីវិត​លោក​យេស៊ូ ហើយ​បន្ទាប់​ពី​បាន​ទទួល​ទាន​អាហារ​ចុង​ក្រោយ​ជា​មួយ​សាវ័ក​របស់​លោក នោះ​លោក​យេស៊ូ​សន្យា​ថា​នឹង​ឲ្យ​រង្វាន់​ពួក​គេ គឺ​ពួក​គេ​នឹង​មាន​កន្លែង​មួយ​នៅ​ស្ថាន​សួគ៌។ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា៖ «ក្នុង​លំនៅ​របស់​បិតា​ខ្ញុំ​មាន​ទី​អាស្រ័យ​ជា​ច្រើន។ បើ​មិន​ដូច្នោះ ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ហើយ ពី​ព្រោះ​ខ្ញុំ​នឹង​ទៅ​ដើម្បី​រៀបចំ​កន្លែង​មួយ​ឲ្យ​អ្នក​រាល់​គ្នា»។ (យ៉ូហាន ១៤:២) ហេតុ​អ្វី​បាន​ជា​លោក​យេស៊ូ​ឲ្យ​ពួក​គេ​មាន​កន្លែង​មួយ​នៅ​ស្ថាន​សួគ៌? តើ​ពួក​គេ​នឹង​ធ្វើ​អ្វី​នៅ​ទី​នោះ?

លោក​យេស៊ូ​មាន​កិច្ច​ការ​ពិសេស​ឲ្យ​ពួក​អ្នក​កាន់​តាម​លោក​ធ្វើ។ ក្នុង​អំឡុង​រាត្រី​ដដែល​នោះ លោក​បាន​ពោល​ថា៖ «អ្នក​រាល់​គ្នា​បាន​នៅ​ជាប់​ជា​មួយ​នឹង​ខ្ញុំ ពេល​ដែល​ខ្ញុំ​មាន​ទុក្ខ​លំបាក ហើយ​ខ្ញុំ​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ដូច​បិតា​របស់​ខ្ញុំ​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​ខ្ញុំ ពោល​គឺ​សម្រាប់​រាជាណាចក្រ​មួយ»។ (លូកា ២២:២៨, ២៩) ព្រះ​បាន​សន្យា​ជា​មួយ​លោក​យេស៊ូ​ថា លោក​យេស៊ូ​នឹង​ធ្វើ​ជា​ស្តេច​ដែល​នឹង​បំពេញ​សេចក្ដី​ត្រូវ​ការ​ដ៏​ខ្លាំង​បំផុត​របស់​មនុស្សជាតិ ពោល​គឺ​រដ្ឋាភិបាល​ល្អ។ លោក​យេស៊ូ​នឹង​សង្គ្រោះ​មនុស្ស​ពី​ទុក្ខ​វេទនា ហើយ​បំផ្លាញ​ចោល​ពួក​អ្នក​ដែល​បោក​ប្រាស់​ពួក​គេ។ ទោះ​ជា​លោក​នឹង​មាន​រាស្ត្រ«រហូត​ដល់​ទី​បំផុត​ផែនដី»ក៏​ដោយ លោក​នឹង​សោយ​រាជ្យ​ពី​ស្ថាន​សួគ៌​វិញ។—ទំនុក​តម្កើង ៧២:៤, ៨; ដានីយ៉ែល ៧:១៣, ១៤

ទោះ​បី​យ៉ាង​ណា​ក៏​ដោយ លោក​យេស៊ូ​នឹង​មិន​សោយ​រាជ្យ​ម្នាក់​ឯង​ទេ។ ហេតុ​នេះ លោក​បាន​សន្យា​ជា​មួយ​សាវ័ក​ថា​នឹង​ឲ្យ​ពួក​គេ​មាន​កន្លែង​នៅ​ស្ថាន​សួគ៌។ ពួក​គេ​ជា​មនុស្ស​ដំបូង​ដែល​បាន​ត្រូវ​ជ្រើស​រើស​ឲ្យ«ធ្វើ​ជា​ស្តេច​គ្រប់​គ្រង​លើ​ផែនដី»។—ការ​បើក​បង្ហាញ ៥:១០

តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ទៅ​ស្ថាន​សួគ៌? ដូច​រដ្ឋាភិបាល​ណា​ក៏​ដោយ អ្នក​គ្រប់​គ្រង​ក្នុង​រាជាណាចក្រ​របស់​ព្រះ​នៅ​ស្ថាន​សួគ៌ មាន​ចំនួន​តិច​បើ​ប្រៀប​នឹង​ចំនួន​មនុស្ស​ទាំង​អស់​ដែល​រស់​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​រដ្ឋាភិបាល​ព្រះ។ ចំពោះ​អស់​អ្នក​ដែល​នឹង​គ្រប់​គ្រង​ជា​មួយ​លោក​យេស៊ូ នោះ​លោក​មាន​ប្រសាសន៍​ថា៖ «ហ្វូង​តូច​អើយ កុំ​ខ្លាច​ឡើយ ពី​ព្រោះ​បិតា​របស់​អ្នក​ពេញ​ចិត្ត​ឲ្យ​រាជាណាចក្រ​ដល់​អ្នក​រាល់​គ្នា»។ (លូកា ១២:៣២) នៅ​ទី​បំផុត«ហ្វូង​តូច»នោះ​នឹង​មាន​ចំនួន​១៤៤.០០០​នាក់។ (ការ​បើក​បង្ហាញ ១៤:១) ចំនួន​នោះ​គឺ​តិច​តួច​បើ​ប្រៀប​នឹង​ចំនួន​មនុស្ស​រាប់​លាន​នាក់​ដែល​ធ្វើ​ជា​រាស្ត្រ​ដ៏​ស្មោះ​ត្រង់​នៃ​រាជាណាចក្រ​ព្រះ ហើយ​ពួក​គេ​នឹង​សប្បាយ​នឹង​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​នៅ​ផែនដី។—ការ​បើក​បង្ហាញ ២១:៤

ដូច្នេះ មិន​មែន​មនុស្ស​ល្អ​ទាំង​អស់​ទៅ​ស្ថាន​សួគ៌​ទេ។ សាវ័ក​ពេត្រុស​បាន​និយាយ​អំពី​ដាវីឌ​ដែល​ជា​ស្តេច​ល្អ​ថា៖ «ដាវីឌ​មិន​បាន​ឡើង​ទៅ​ស្ថាន​សួគ៌​ឡើយ»។ (សកម្មភាព ២:៣៤) យ៉ូហាន​ជា​អ្នក​ជ្រមុជ​ទឹក គាត់​ក៏​ជា​មនុស្ស​ល្អ​ម្នាក់​ដែរ។ ក៏​ប៉ុន្តែ លោក​យេស៊ូ​បាន​បញ្ជាក់​ថា គាត់​នឹង​មិន​មាន​ឯកសិទ្ធិ​សោយ​រាជ្យ​ជា​ស្តេច​នៅ​ស្ថាន​សួគ៌​ទេ។ លោក​មាន​ប្រសាសន៍​ថា៖ «ក្នុង​ចំណោម​មនុស្ស​ទាំង​អស់​ដែល​ធ្លាប់​រស់​នៅ គ្មាន​អ្នក​ណា​លេច​មក​ដែល​ធំ​ជាង​យ៉ូហាន ជា​អ្នក​ជ្រមុជ​ទឹក​ឡើយ។ ប៉ុន្តែ​អ្នក​ដែល​តូច​ជាង​គេ​ក្នុង​រាជាណាចក្រ​ស្ថាន​សួគ៌​គឺ​ធំ​ជាង​គាត់»។—ម៉ាថាយ ១១:១១

តើ​លោក​អ្នក​នឹង​ទទួល​រង្វាន់​សម្រាប់​មនុស្ស​ល្អ​ឬ​ទេ?

ដើម្បី​ទទួល​ជីវិត​ជា​រៀង​រហូត​នៅ​ផែនដី​ជា​រង្វាន់ តើ​មនុស្ស​យើង​ត្រូវ​ធ្វើ​អ្វី? លោក​យេស៊ូ​បាន​ពោល​ថា៖ «ព្រះ​ស្រឡាញ់​ពិភព​លោក​ដល់​ម្ល៉េះ​បាន​ជា​លោក​បាន​ឲ្យ​បុត្រ​តែ​មួយ​របស់​លោក ដើម្បី​ឲ្យ​អស់​អ្នក​ដែល​បង្ហាញ​ជំនឿ​លើ​បុត្រ​នោះ​អាច​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ហើយ​មិន​ត្រូវ​បំផ្លាញ​ឡើយ»។ (យ៉ូហាន ៣:១៦) សូម​កត់​សម្គាល់​ថា សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ចំពោះ​ពិភព​លោក បាន​ជំរុញ​លោក​ឲ្យ​ចាត់​វិធានការ​ដើម្បី​មនុស្ស​ទាំង​អស់​អាច​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ប៉ុន្តែ​មាន​តែ​ពួក​អ្នក​ដែល«បង្ហាញ​ជំនឿ»ប៉ុណ្ណោះ​ទើប​អាច​ទទួល​រង្វាន់​នោះ​បាន។

ជំនឿ​ត្រូវ​មាន​មូលដ្ឋាន​លើ​ចំណេះ​ត្រឹម​ត្រូវ។ (យ៉ូហាន ១៧:៣) លោក​អ្នក​អាច​បង្ហាញ​ថា លោក​អ្នក​ជា​មនុស្ស​ល្អ​ដោយ​រៀន​ថែម​ទៀត​អំពី​គោល​បំណង​របស់​ព្រះ​យេហូវ៉ា​សម្រាប់​មនុស្សជាតិ។ ចូរ​ឲ្យ​ជំនឿ​របស់​លោក​អ្នក​ជំរុញ​ឲ្យ​លោក​អ្នក​ប្រព្រឹត្ត​តាម​អ្វី​ដែល​លោក​អ្នក​បាន​រៀន។ ហើយ​សូម​ជឿ​ជាក់​ថា លោក​អ្នក​ពិត​ជា​អាច​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​បាន។

[ប្រអប់​នៅ​ទំព័រ​៧]

តើ​សៀវភៅ​គម្ពីរ​ចែង​យ៉ាង​ណា?

សំណួរ:

ពេល​មនុស្ស​ល្អ​ស្លាប់​ទៅ តើ​មាន​អ្វី​កើត​ឡើង​ដល់​ពួក​គេ?

ចម្លើយ:

«មនុស្ស​ស្លាប់​ឥត​ដឹង​អ្វី​ឡើយ»។សាស្ដា ៩:៥

សំណួរ:

តើ​មនុស្ស​ល្អ​មាន​សេចក្ដី​សង្ឃឹម​អ្វី​ចំពោះ​អនាគត?

ចម្លើយ:

«នឹង​មាន​វេលា​មក​ដល់ ដែល​អស់​អ្នក​នៅ​ក្នុង​ផ្នូរ​ដែល​សម្រាប់​ជា​ទី​រំលឹក នឹង​ឮ​សំឡេង​របស់​លោក[យេស៊ូ] ហើយ​ចេញ​មក»។យ៉ូហាន ៥:២៨, ២៩

សំណួរ:

តើ​មនុស្ស​ល្អ​ភាគ​ច្រើន​នឹង​រស់​នៅ​ទី​ណា?

ចម្លើយ:

«ពួក​អ្នក​សុចរិត​នឹង​បាន​ស្រុក​ទុក​ជា​មរដក ហើយ​នឹង​នៅ​ក្នុង​ស្រុក​នោះ[ផែនដី]ជា​និច្ច»។ទំនុក​តម្កើង ៣៧:២៩