លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ហេតុអ្វីជីវិតដូចជាគ្មានន័យ?

ហេតុអ្វីជីវិតដូចជាគ្មានន័យ?

ហេតុ​អ្វី​ជីវិត​ដូច​ជា​គ្មាន​ន័យ?

ស្តេច​សាឡូម៉ូន​បាន​សរសេរ​ថា ជីវិត​របស់​មនុស្ស​គឺ​ខ្លី​ណាស់​ឬ​ជា​«​ថ្ងៃ​នៃ​អាយុ​ដ៏​ឥត​ប្រយោជន៍​»​ដែល​ប្រៀប​«​ដូច​ជា​ស្រមោល​»។ ហេតុ​អ្វី​លោក​អ្នក​គួរ​ជឿ​ថា​ជីវិត​គឺ​មាន​ន័យ​ច្រើន​ជាង​នេះ? (​សាស្ដា ៦:១២​) គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​ព្រះ​ជា​ប្រភព​ព័ត៌មាន​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​ជា​រៀង​រហូត ហើយ​ក្នុង​គម្ពីរ​ក៏​មាន​សេចក្ដី​សន្យា​ដែល​ថា នៅ​អនាគត​មនុស្ស​នឹង​មាន​ជីវិត​ដែល​មាន​ន័យ​ខ្លឹម​សារ​យ៉ាង​ពិត​ប្រាកដ។—ធីម៉ូថេទី២ ៣:១៦, ១៧

គម្ពីរ​ប្រាប់​យើង​អំពី​គោល​បំណង​ដើម​របស់​ព្រះ​សម្រាប់​ផែនដី ហើយ​ក៏​ពន្យល់​អំពី​មូលហេតុ​ដែល​ពិភព​លោក​ពោរ​ពេញ​ទៅ​ដោយ​ភាព​អយុត្ដិធម៌ ការ​ជិះ​ជាន់​និង​ទុក្ខ​លំបាក។ ហេតុ​អ្វី​ជា​ការ​សំខាន់​ដែល​យើង​យល់​អំពី​រឿង​ទាំង​អស់​នេះ? ពីព្រោះ​មូលហេតុ​សំខាន់​ដែល​មនុស្ស​គិត​ថា​ជីវិត​គ្មាន​ន័យ​ទាល់​តែ​សោះ ដោយ​សារ​ពួក​គេ​មិន​ដឹង​ឬ​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​គោល​បំណង​របស់​ព្រះ​សម្រាប់​ផែនដី​និង​មនុស្ស​ជាតិ។

តើ​អ្វី​ជា​គោល​បំណង​របស់​ព្រះ​សម្រាប់​ផែនដី?

ព្រះ​យេហូវ៉ា *បាន​បង្កើត​ផែនដី​ជា​សួន​ឧទ្យាន​ដ៏​សែន​ស្អាត​សម្រាប់​មនុស្ស​ជាតិ គឺជា​កន្លែង​មួយ​ដែល​មនុស្ស​ប្រុស​ស្រី​អាច​រស់​នៅ​យ៉ាង​សប្បាយ ហើយ​ស្កប់​ចិត្ត​នឹង​ជីវិត​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ​ជា​រៀង​រហូត។ មនុស្ស​ទូទៅ​មិន​ជឿ​សេចក្ដី​ពិត​ដ៏​សំខាន់​នេះ​ទេ ព្រោះ​ពួក​គេ​ជឿ​ថា ព្រះ​បង្កើត​ផែនដី ហើយ​ទុក​មនុស្ស​នៅ​ទី​នេះ​ដើម្បី​សាកល្បង​ពួក​គេ​ឲ្យ​ដឹង​ថា​ពួក​គេ​សម​ឬ​មិន​សម​ទទួល​ជីវិត​ដែល​មាន​ន័យ​ខ្លឹម​សារ​ជាង​នៅ​ពិភព​វិញ្ញាណ។ ប៉ុន្តែ​អ្វី​ដែល​ពួក​គេ​ជឿ​គ្មាន​មូលដ្ឋាន​លើ​គម្ពីរ​ឡើយ (​សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា​«​តើ​យើង​ត្រូវ​តែ​ចាក​ចេញ​ពី​ផែនដី​ឬ​ទេ​ដើម្បី​ធ្វើ​ឲ្យ​ជីវិត​មាន​ន័យ​ខ្លឹម​សារ?​»​នៅ​ទំព័រ​៦​)។

ព្រះ​បាន​បង្កើត​មនុស្ស​ប្រុស​និង​ស្រី​ឲ្យ​មាន​ភាព​ដូច​លោក​ដោយ​ឲ្យ​ពួក​គេ​មាន​សមត្ថភាព​យក​តម្រាប់​តាម​គុណ​សម្បត្ដិ​ដ៏​អស្ចារ្យ​របស់​លោក។ (​លោកុប្បត្តិ ១:២៦, ២៧​) លោក​បង្កើត​ពួក​គេ​យ៉ាង​ល្អ​ឥត​ខ្ចោះ។ ពួក​គេ​មាន​អ្វី​ៗ​ទាំង​អស់​ដែល​ពួក​គេ​ត្រូវ​ការ​ដើម្បី​មាន​ជីវិត​ដែល​មាន​ន័យ​ខ្លឹម​សារ​និង​មាន​សុភមង្គល​ផង​ដែរ។ នេះ​រួម​បញ្ចូល​ការ​ឲ្យ​ពួក​គេ​បង្កើត​កូន​ឲ្យ​មាន​ពាស​ពេញ​ផែនដី ថែ​ទាំ​ផែនដី និង​ធ្វើ​ឲ្យ​ផែនដី​ទាំង​មូល​ក្លាយ​ជា​សួន​ឧទ្យាន​ដ៏​ស្រស់បំព្រង​ដូច​សួន​ច្បារ​អេដែន​ដែរ។—លោកុប្បត្តិ ១:២៨​-​៣១; ២:៨, ៩

តើ​មាន​អ្វី​អាក្រក់​កើត​ឡើង?

ប៉ុន្តែ​ប្រាកដជា​មាន​អ្វី​អាក្រក់​បាន​កើត​ឡើង ពីព្រោះ​សព្វ​ថ្ងៃ​នេះ មនុស្ស​ជា​ទូទៅ​មិន​បង្ហាញ​លក្ខណៈ​ដូច​ព្រះ​ក្នុង​ជីវិត​របស់​ពួក​គេ​ទេ។ ម្យ៉ាង​ទៀត ផែនដី​ក៏​មិន​មែន​ជា​សួន​ឧទ្យាន​ដែរ។ ដូច្នេះ តើ​មាន​អ្វី​បាន​កើត​ឡើង? ឪពុក​ម្ដាយ​ដំបូង​របស់​យើង គឺ​អាដាម​និង​អេវ៉ា​បាន​បំពាន​សិទ្ធិ​លើ​ចិត្ត​សេរី​របស់​ពួក​គេ។ ពួក​គេ​ចង់​ក្លាយ​ទៅ​ជា​‹ដូច​ព្រះ›​ដើម្បី​សម្រេច​«​ការ​ខុស​ត្រូវ​»​ដោយ​ខ្លួន​ឯង។ ដោយ​ធ្វើ​ដូច្នេះ ពួក​គេ​បាន​ធ្វើ​តាម​សាថាន​ដែល​បាន​បះបោរ​ប្រឆាំង​ព្រះ។—លោកុប្បត្តិ ៣:១​-​៦

ដូច្នេះ អំពើ​អាក្រក់​មិន​មែន​ជា​ផែនការ​សម្ងាត់​របស់​ព្រះ ដែល​លោក​បាន​រៀបចំ​ទុក​ជា​មុន​ទេ។ អំពើ​អាក្រក់​បាន​កើត​មាន​ឡើង​ពេល​សាថាន អាដាម និង​អេវ៉ា​បះបោរ​ប្រឆាំង​នឹង​ការ​គ្រប់​គ្រង​របស់​ព្រះ។ ជា​លទ្ធផល ឪពុក​ម្ដាយ​ដំបូង​របស់​យើង​បាន​បាត់បង់​សួន​ឧទ្យាន​នោះ និង​លែង​មាន​ភាព​ល្អ​ឥត​ខ្ចោះ​ទៀត​ដែល​នាំ​ឲ្យ​ពួក​គេ​និង​មនុស្ស​ទាំង​អស់​មាន​ភាព​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់។ (​លោកុប្បត្តិ ៣:១៧​-​១៩; រ៉ូម ៥:​១២​) នេះ​ជា​ដើម​ហេតុ​នៃ​ស្ថានភាព​និង​កាលៈទេសៈ​ផ្សេង​ៗ​ដែល​ធ្វើ​ឲ្យ​ជីវិត​យើង​មើល​ទៅ​ដូច​ជា​គ្មាន​ន័យ​ខ្លឹម​សារ​សោះ។

ហេតុ​អ្វី​ព្រះ​មិន​បំបាត់​ចោល​អំពើ​អាក្រក់​ភ្លាម​ៗ​?

អ្នក​ខ្លះ​ឆ្ងល់​ថា​‹ហេតុ​អ្វី​បាន​ជា​ព្រះ​មិន​បំបាត់​ចោល​អំពើ​អាក្រក់​ភ្លាម​ៗ​ដោយ​បំផ្លាញ​សាថាន​និង​អ្នក​ប្រឆាំង​ឯ​ទៀត ហើយ​ចាប់​ផ្ដើម​បង្កើត​អ្វី​ៗ​ម្ដង​ទៀត?›។ ប៉ុន្តែ តើ​ការ​ធ្វើ​ដូច្នេះ​ជា​ការ​ដែល​ប្រកប​ដោយ​ប្រាជ្ញា​ឬ​ទេ? បើ​មាន​រដ្ឋាភិបាល​ដែល​ប្រហារ​ជីវិត​ភ្លាម​ៗ​ចំពោះ​អ្នក​ណា​ដែល​ប្រឆាំង​នឹង​ការ​គ្រប់​គ្រង​របស់​រដ្ឋាភិបាល​នោះ តើ​លោក​អ្នក​នឹង​មាន​ប្រតិកម្ម​យ៉ាង​ណា? បើ​មាន​រដ្ឋាភិបាល​ដែល​ធ្វើ​ដូច្នេះ​មែន នោះ​នាំ​ឲ្យ​ប្រជាជន​នៅ​ឆ្ងាយ​ពី​រដ្ឋាភិបាល​នោះ ព្រម​ទាំង​មិន​ឲ្យ​រដ្ឋាភិបាល​នោះ​ធ្វើ​ជា​គំរូ​ស្តី​អំពី​អ្វី​ដែល​ត្រូវ​និង​អ្វី​ដែល​ខុស​ឡើយ មែន​ទេ?

ព្រះ​បាន​សម្រេច​ចិត្ត​មិន​បំផ្លាញ​អ្នក​បះបោរ​ទាំង​នោះ​ភ្លាម​ៗ​ទេ។ ដោយ​មាន​ប្រាជ្ញា លោក​បាន​ទុក​ពេល​មួយ​រយ:ដើម្បី​ដោះ​ស្រាយ​មួយ​ដង​ជា​ការ​ស្រេច​នូវ​ការ​ចោទ​ប្រកាន់​ស្តី​អំពី​ការ​គ្រប់​គ្រង​របស់​លោក​ដែល​បាន​លើក​ឡើង​នៅ​សួន​ច្បារ​អេដែន។

ការ​បំបាត់​ចោល​អំពើ​អាក្រក់​ទាំង​អស់

ចំណុច​សំខាន់​មួយ​ដែល​យើង​គួរ​ចាំ​អំពី​រឿង​នេះ​គឺ ព្រះ​អនុញ្ញាត​ឲ្យ​មាន​អំពើ​អាក្រក់​តែ​មួយ​រយ:ប៉ុណ្ណោះ។ លោក​ធ្វើ​ដូច្នេះ​ពីព្រោះ​លោក​ដឹង​ថា ពេល​ដែល​ការ​ចោទ​ប្រកាន់​របស់​ពួក​អ្នក​បះបោរ​ប្រឆាំង​ស្តី​អំពី​ការ​គ្រប់​គ្រង​របស់​លោក​បាន​ត្រូវ​ដោះ​ស្រាយ នោះ​លោក​អាច​ធ្វើ​ឲ្យ​ផល​វិបាក​ទាំង​អស់​ទៅ​ជា​ល្អ​ឡើង​វិញ។

ព្រះ​មិន​បាន​បោះបង់​ចោល​គោល​បំណង​របស់​លោក​សម្រាប់​ផែនដី​និង​សម្រាប់​មនុស្ស​ជាតិ​ទេ។ តាម​រយ:អ្នក​ប្រកាស​ទំនាយ​ម្នាក់​ឈ្មោះ​អេសាយ ព្រះ​យេហូវ៉ា​ពង្រឹង​ទំនុក​ចិត្ត​យើង​ឲ្យ​ដឹង​ថា​លោក​ជា​អ្នក​បង្កើត​ផែនដី ហើយ​លោក​«​មិន​មែន​បង្កើត​មក​ឲ្យ​នៅ​ទទេ​ទេ គឺ​បាន​ជប​សូន​បង្កើត​ឲ្យ​ជា​ទី​អាស្រ័យ​នៅ​»។ (​អេសាយ ៤៥:១៨​) ឆាប់​ៗ​ខាង​មុខ​នេះ ព្រះ​នឹង​ចាប់​ផ្ដើម​ធ្វើ​ឲ្យ​ផែនដី​មាន​ស្ថានភាព​ល្អ​ឥត​ខ្ចោះ​ដូច​គោល​បំណង​ដើម​របស់​លោក។ ក្រោយ​ពី​បាន​បង្ហាញ​ថា​របៀប​ដែល​លោក​គ្រប់​គ្រង​គឺ​ត្រឹម​ត្រូវ​ហើយ លោក​នឹង​មាន​សិទ្ធិ​ប្រើ​ឫទ្ធានុភាព​ដើម្បី​សម្រេច​បំណង​ប្រាថ្នា​របស់​លោក ហើយ​បំបាត់​ចោល​អំពើ​អាក្រក់​ទាំង​អស់​តែ​ម្ដង។ (​អេសាយ ៥៥:១០, ១១​) ក្នុង​សេចក្ដី​អធិដ្ឋាន​ជា​គំរូ លោក​យេស៊ូ​គ្រិស្ត​បាន​រួម​បញ្ចូល​ការ​អង្វរ​សុំ​ឲ្យ​ព្រះ​ចាត់​វិធានការ​ធ្វើ​ដូច្នេះ។ លោក​យេស៊ូ​បាន​បង្រៀន​យើង​ឲ្យ​អធិដ្ឋាន​ថា​៖ ​«​សូម​ឲ្យ​បំណង​ប្រាថ្នា​របស់​លោក​បាន​សម្រេច​នៅ​ផែនដី ដូច​នៅ​ស្ថាន​សួគ៌​ដែរ​»។ (​ម៉ាថាយ ៦:៩, ១០​) តើ​អ្វី​ជា​បំណង​ប្រាថ្នា​របស់​ព្រះ​សម្រាប់​ផែនដី?

បំណង​ប្រាថ្នា​របស់​ព្រះ​សម្រាប់​ផែនដី

បំណង​ប្រាថ្នា​មួយ​របស់​ព្រះ​សម្រាប់​ផែនដី​គឺ​ឲ្យ​‹មនុស្ស​រាបសា​បាន​ផែន​ដី​ជាម​រដក›។ (​ទំនុកតម្កើង ៣៧:៩​-​១១, ២៩; សុភាសិត ២:​២១, ២២​) លោក​យេស៊ូ​គ្រិស្ត​នឹង​«​ជួយ​ពួក​ក្រី​ក្រ​ឲ្យ​រួច​ក្នុង​កាល​ដែល​ថ្លែង​ទុក្ខ ព្រម​ទាំង​ពួក​កំសត់​»​ ហើយ​សង្គ្រោះ​ពួក​គេ​ឲ្យ​រួច​ពី​«​ការ​សង្កត់​សង្កិន​នឹង​ការ​ច្រឡោត​»។ (​ទំនុកតម្កើង ៧២:១២​-​១៤​) សង្គ្រាម​នឹង​លែង​មាន​ទៀត សេចក្ដី​ស្លាប់ ការ​ឈឺ​ចាប់ ការ​ស្រែក​យំ ព្រម​ទាំង​ទុក្ខ​ព្រួយ​ក៏​នឹង​លែង​មាន​ទៀត​ដែរ។ (​ទំនុកតម្កើង ៤៦:​៩; ការ​បើក​បង្ហាញ ២១:១​-​៤​) មនុស្ស​ជា​ច្រើន​ដែល​បាន​ស្លាប់​ក្នុង​អំឡុង​ពេល​ព្រះ​អនុញ្ញាត​ឲ្យ​មាន​អំពើ​អាក្រក់ នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​លើ​ផែនដី ហើយ​ពួក​គេ​នឹង​មាន​ឱកាស​ទទួល​ពរ​ទាំង​នេះ និង​ពរ​ឯ​ទៀត​ផង​ដែរ។—យ៉ូហាន ៥:២៨, ២៩

តាម​ការ​ពិត ព្រះ​យេហូវ៉ា​នឹង​ស្ថាបនា​ឲ្យ​បាន​ល្អ​ដូច​ដើម​នូវ​ការ​ខូច​ខាត​ដែល​បណ្ដាល​មក​ពី​ការ​បះបោរ​របស់​សាថាន។ ការ​ស្ថាបនា​ឲ្យ​បាន​ល្អ​ដូច​ដើម​នេះ​មាន​ឥទ្ធិពល​ខ្លាំង​ណាស់ ព្រោះ​អ្វី​ៗ​ទាំង​អស់​ដែល​នាំ​ឲ្យ​ឈឺ​ចាប់​និង​មាន​ទុក្ខ​កង្វល់​នៅ​សព្វ​ថ្ងៃ​នេះ ឬ​‹ការ​វេទនា​ពី​មុន​នឹង​ភ្លេច​អស់​ទៅ​ហើយ›។ (​អេសាយ ៦៥:១៦​-​១៩​) យើង​ប្រាកដជា​មាន​អនាគត​បែប​នេះ​មែន​ពីព្រោះ​ព្រះ​មិន​ចេះ​កុហក​ឡើយ។ ពាក្យ​សន្យា​ទាំង​អស់​របស់​លោក​នឹង​បាន​សម្រេច​ជា​មិន​ខាន។ យើង​នឹង​លែង​មាន​ជីវិត​‹ឥត​ប្រយោជន៍ ហើយ​អសារ​ឥត​ការ›​ទៀត។ (​សាស្ដា ២:​១៧​) ផ្ទុយ​ទៅ​វិញ ជីវិត​យើង​នឹង​មាន​ន័យ​ខ្លឹម​សារ​មែន។

ចុះ​ឥឡូវ​នេះ​វិញ? តើ​ការ​ដឹង​អំពី​អ្វី​ដែល​គម្ពីរ​បង្រៀន​និង​ការ​យល់​អំពី​គោល​បំណង​របស់​ព្រះ​សម្រាប់​ផែនដី​អាច​បន្ថែម​ឲ្យ​ជីវិត​របស់​អ្នក​មាន​ន័យ​ខ្លឹម​សារ​ពិត​ប្រាកដ​ឬ​ទេ? អត្ថបទ​បន្ទាប់​នឹង​ឆ្លើយ​សំណួរ​នេះ។

[​កំណត់​សម្គាល់​]

^ វគ្គ 5 យេហូវ៉ា​ជា​ឈ្មោះ​របស់​ព្រះ​ក្នុង​គម្ពីរ។

[​ប្រអប់​នៅ​ទំព័រ​៦​]

តើ​យើង​ត្រូវ​តែ​ចាក​ចេញ​ពី​ផែនដី​ឬ​ទេ​ដើម្បី​ធ្វើ​ឲ្យ​ជីវិត​មាន​ន័យ​ខ្លឹម​សារ?

រាប់​រយ​ឆ្នាំ​មក​ហើយ មនុស្ស​ដែល​គ្មាន​ចំណេះ​អំពី​គោល​បំណង​របស់​ព្រះ​សម្រាប់​ផែនដី បាន​បង្រៀន​ថា​មនុស្ស​យើង​ត្រូវ​តែ​ចាក​ចេញ​ពី​ផែនដី មុន​នឹង​អាច​មាន​ជីវិត​ដែល​ពិត​ជា​មាន​ន័យ​ខ្លឹម​សារ។

មនុស្ស​ខ្លះ​និយាយ​ថា​ព្រលឹង​របស់​យើង​«​ធ្លាប់​រស់​នៅ​កន្លែង​ល្អ​ប្រសើរ​ជាង មុន​ចូល​ក្នុង​រូប​កាយ​របស់​យើង​»។ (​New Dictionary of The-​ology​) អ្នក​ឯ​ទៀត​និយាយ​ថា​ព្រលឹង​«​បាន​ត្រូវ​ឃុំ​នៅ​ក្នុង​រូប​កាយ​របស់​យើង​ដែល​នេះ​ជា​ទណ្ឌកម្ម​សម្រាប់​អំពើ​ខុស​ឆ្គង​ដែល​ព្រលឹង​នោះ​បាន​ធ្វើ​ពេល​នៅ​ស្ថាន​សួគ៌​»​ (​Cyclopedia of Biblical, Theological, and Ecclesiastical Literature​)។

ទស្សនវិទូ​ជន​ជាតិ​ក្រិច​ដូច​ជា​សូ​ក្រា​ត​និង​ប្លាតុង​បង្រៀន​អំពី​ទស្សនៈ​នេះ​ដែល​ថា ព្រលឹង​អមតៈ​ត្រូវ​ចេញ​ពី​រូប​កាយ​មនុស្ស​ទើប​វា​អាច​«​រួច​ផុត​ពី​ភាព​ល្ងង់​ខ្លៅ ការ​ភ័យ​ខ្លាច សេចក្ដី​ប៉ង​ប្រាថ្នា​ដែល​ខុស​ឆ្គង​និង​ជំងឺ​ទាំង​អស់​ឯ​ទៀត​ដែល​មនុស្ស​ជាតិ​រង​ទុក្ខ​»​ ហើយ​ទើប​វា​អាច​ស្ថិត​«​ក្នុង​ចំណោម​ព្រះ​នានា​ជា​រៀង​រហូត​»​បាន (​Plato’s Phaedo, 81, A​)។

ក្រោយ​មក អ្នក​ដឹក​នាំ​ដែល​គេ​ហៅ​ថា គ្រិស្ត​សាសនិក​បាន​បញ្ចូល​ទស្សនវិជ្ជា​របស់​ជន​ជាតិ​ក្រិច​«​អំពី​ព្រលឹង​អមតៈ​»​ក្នុង​សេចក្ដី​បង្រៀន​របស់​ពួក​គេ​វិញ (​Christianity—A Global History​)។

សូម​ប្រៀប​ធៀប​ទស្សនៈ​ទាំង​នោះ​ទៅ​នឹង​សេចក្ដី​ពិត​សំខាន់​ៗ​បី​ដែល​មាន​ក្នុង​គម្ពីរ​បរិសុទ្ធ:

១​. បំណង​របស់​ព្រះ​សម្រាប់​ផែនដី​គឺ​ដើម្បី​ឲ្យ​មនុស្ស​ជាតិ​រស់​នៅ​ទី​នេះ​ជា​រៀង​រហូត មិន​មែន​ជា​កន្លែង​បណ្ដោះ​អាសន្ន​មួយ​ដែល​លោក​ប្រើ​ដើម្បី​ល្បង​ល​មនុស្ស​ឲ្យ​ដឹង​ថា នរណា​សម​នឹង​រស់​នៅ​ជា​មួយ​លោក​នៅ​ស្ថាន​សួគ៌​នោះ​ទេ។ ប្រសិនបើ​អាដាម​និង​អេវ៉ា​បាន​ស្ដាប់​បង្គាប់​តាម​ច្បាប់​របស់​ព្រះ នោះ​ពួក​គេ​នឹង​នៅ​តែ​មាន​ជីវិត​រស់​នៅ​ឡើយ​ក្នុង​សួន​ឧទ្យាន​នៅ​ផែនដី។—លោកុប្បត្តិ ១:២៧, ២៨; ទំនុកតម្កើង ១១៥:១៦

២​. សាសនា​ភាគ​ច្រើន​បង្រៀន​ថា​មនុស្ស​មាន​ព្រលឹង។ ប៉ុន្តែ គម្ពីរ​បរិសុទ្ធ​បង្រៀន​អ្វី​មួយ​ដែល​ស្រួល​យល់​ជាង ពោល​គឺ​មនុស្ស​ជា​«​ព្រលឹង​រស់​»​ដែល​បាន​ត្រូវ​បង្កើត​មក​ពី​«​ធូលី​ដី​»។ (​លោកុប្បត្តិ ២:៧​) គម្ពីរ​មិន​ដែល​រៀប​រាប់​ថា​ព្រលឹង​គឺ​អមតៈ​ឡើយ តែ​បាន​ពន្យល់​ថា​ព្រលឹង​អាច​ស្លាប់​ឬ​វិនាស​សាប​សូន្យ​បាន។ (​ទំនុកតម្កើង ១៤៦:​៤; សាស្ដា ៩:៥, ១០; អេសេគាល ១៨:៤, ២០​) អាដាម​ដែល​ជា​ព្រលឹង​ឬ​មនុស្ស​ដំបូង​ប្រាកដជា​បាន​ស្លាប់ ហើយ​បាន​ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ គឺ​គាត់​លែង​មាន​ជីវិត​ត​ទៅ​ទៀត។—លោកុប្បត្តិ ២:១៧; ៣:១៩

៣​. អនាគត​របស់​ជីវិត​មនុស្ស​មិន​មែន​ពឹង​ផ្អែក​ទៅ​លើ​ការ​មាន​ព្រលឹង​អមតៈ​ដែល​ចេញ​ពី​ខ្លួន​យើង​ទៅ​ភព​វិញ្ញាណ​ណា​មួយ​ទេ ប៉ុន្តែ​នេះ​ពឹង​ផ្អែក​ទៅ​លើ​សេចក្ដី​សន្យា​របស់​ព្រះ​ដែល​ថា​លោក​នឹង​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​ក្នុង​សួន​ឧទ្យាន​នៅ​លើ​ផែនដី។—ដានីយ៉ែល ១២:១៣; យ៉ូហាន ១១:​២៤​-​២៦; សកម្មភាព ២៤:១៥