លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ភាគ​២៣

ដំណឹង​ល្អ​បាន​ត្រូវ​ផ្សព្វ​ផ្សាយ​ទៅ​ដល់​ទី​ជិត​ឆ្ងាយ

ដំណឹង​ល្អ​បាន​ត្រូវ​ផ្សព្វ​ផ្សាយ​ទៅ​ដល់​ទី​ជិត​ឆ្ងាយ

ប៉ូល​ធ្វើ​ដំណើរ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​តាម​ផ្លូវ​គោក​និង​តាម​សមុទ្រ

ក្រោយ​ពី​ប៉ូល​ក្លាយ​ទៅ​ជា​គ្រិស្ដ​សាសនិក គាត់​បាន​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​របស់​ព្រះ​ដោយ​ចិត្ដ​ខ្នះ​ខ្នែង។ នេះ​ធ្វើ​ឲ្យ​គាត់​ដែល​ធ្លាប់​ជា​អ្នក​ប្រឆាំង ទទួល​ការ​ប្រឆាំង​យ៉ាង​ខ្លាំង​ជា​ញឹក​ញាប់​វិញ។ សាវ័ក​ដែល​មិន​ចេះ​នឿយ​ហត់​នេះ​បាន​ធ្វើ​ដំណើរ​ពីរ​បី​លើក​ទៅ​កន្លែង​ឆ្ងាយ​ៗ​ដើម្បី​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ ដែល​នឹង​សម្រេច​បំណង​ប្រាថ្នា​ដំបូង​របស់​ព្រះ​ចំពោះ​មនុស្ស​ជាតិ។

ពេល​ធ្វើ​ដំណើរ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ជា​លើក​ទី​១​នៅ​ក្រុង​លីស្ត្រា​ជា​មួយ​នឹង​បាណាបាស​ដែល​ជា​មិត្ដ​រួម​ដំណើរ ប៉ូល​បាន​ធ្វើ​ឲ្យ​បុរស​ពិការ​ជើង​ពី​កំណើត​ម្នាក់​ជា​សះ​ស្បើយ។ បណ្ដា​ជន​ចាប់​ផ្ដើម​ស្រែក​ថា​ប៉ូល​និង​បាណាបាស​ជា​ព្រះ។ បុរស​ពីរ​នាក់​នេះ​ឃាត់​បណ្ដា​ជន​កុំ​ឲ្យ​ធ្វើ​ការ​បូជា​ជូន​ពួក​គាត់​សឹង​តែ​មិន​បាន។ ប៉ុន្ដែ ក្រោយ​មក ដោយ​សារ​ពួក​សត្រូវ​របស់​ប៉ូល​បាន​ញុះញង់​ពួក​គេ នោះ​បណ្ដា​ជន​ដដែល​នេះ​បាន​គប់​ប៉ូល​នឹង​ដុំ​ថ្ម​រហូត​ដល់​ពួក​គេ​គិត​ថា​គាត់​ស្លាប់​ហើយ។ ប៉ូល​បាន​រួច​ជីវិត​ពី​ការ​ពាធា​នោះ ហើយ​ក្រោយ​មក​ត្រឡប់​ទៅ​ក្រុង​នោះ​វិញ ដើម្បី​ពង្រឹង​កម្លាំង​និង​លើក​ទឹក​ចិត្ដ​ពួក​អ្នក​កាន់​តាម។

ពួក​គ្រិស្ដ​សាសនិក​ខ្លះ​ដែល​ជា​ជន​ជាតិ​យូដា​បាន​ប្រកែក​តវ៉ា​ថា ពួក​អ្នក​ជឿ​ដែល​មិន​មែន​ជា​ជន​ជាតិ​យូដា ត្រូវ​កាន់​តាម​ផ្នែក​ខ្លះ​នៃ​ច្បាប់​ម៉ូសេ។ ប៉ូល​បាន​ទៅ​ក្រុង​យេរូសាឡិម​ដើម្បី​លើក​សំណួរ​នេះ​ទៅ​ពួក​សាវ័ក​និង​ពួក​បុរស​ចាស់​ទុំ។ ក្រោយ​ពី​បាន​ពិចារណា​យ៉ាង​ដិត​ដល់​នូវ​បទ​គម្ពីរ ហើយ​ដោយ​មាន​ការ​ណែនាំ​ពី​សកម្ម​ពល​បរិសុទ្ធ​របស់​ព្រះ ពួក​បុរស​ទាំង​នោះ​បាន​សរសេរ​ទៅ​ក្រុម​ជំនុំ​ផ្សេង​ៗ ហើយ​បាន​ដាស់​តឿន​ពួក​គេ​ឲ្យ​ជៀស​វាង​ពី​ការ​គោរព​បូជា​រូប​ព្រះ ពី​ការ​បរិភោគ​ឈាម​និង​សាច់​ដែល​គេ​មិន​បង្ហូរ​ឈាម និង​ជៀស​វាង​ពី​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ។ បញ្ញត្ដិ​បែប​នេះ«ជា​ការ​ចាំ​បាច់» ប៉ុន្ដែ​ការ​ធ្វើ​តាម​បញ្ញត្ដិ​ទាំង​នេះ មិន​តម្រូវ​ឲ្យ​កាន់​តាម​ច្បាប់​ម៉ូសេ​ទេ។—សកម្មភាព ១៥:២៨, ២៩

ពេល​ធ្វើ​ដំណើរ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ជា​លើក​ទី​២ ប៉ូល​បាន​ទៅ​ក្រុង​បេរៀ ដែល​ឥឡូវ​ជា​ប្រទេស​ក្រិច។ ជន​ជាតិ​យូដា​ដែល​រស់​នៅ​ទី​នេះ​បាន​ទទួល​បណ្ដាំ​របស់​ព្រះ​ដោយ​ចិត្ដ​រំភើប ដោយ​ពិនិត្យ​មើល​គម្ពីរ​រៀង​រាល់​ថ្ងៃ​ដើម្បី​បញ្ជាក់​ការ​បង្រៀន​របស់​ប៉ូល។ ម្ដង​នេះ​ទៀត ការ​ប្រឆាំង​បាន​បង្ខំ​ឲ្យ​គាត់​ចេញ​ដំណើរ​ទៅ​មុខ​ទៀត លើក​នេះ​ទៅ​ក្រុង​អាថែន។ នៅ​មុខ​អ្នក​មាន​ចំណេះ​ជ្រៅ​ជ្រះ​មួយ​ក្រុម​នៅ​ក្រុង​អាថែន ប៉ូល​បាន​ថ្លែង​សុន្ទរកថា​ដែល​មាន​ប្រសិទ្ធភាព ហើយ​ជា​គំរូ​ល្អ​ក្នុង​ការ​និយាយ​មិន​ធ្វើ​ឲ្យ​ទើស​ចិត្ដ សមត្ថភាព​វែក​ញែក​និង​ការ​ចេះ​ថ្លែង​យ៉ាង​ពីរោះ។

ក្រោយ​ពី​ធ្វើ​ដំណើរ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ជា​លើក​ទី​៣ ប៉ូល​បាន​ទៅ​ក្រុង​យេរូសាឡិម។ នៅ​ពេល​ដែល​គាត់​ទៅ​ឯ​វិហារ​នៅ​ទី​នោះ ជន​ជាតិ​យូដា​ខ្លះ​បាន​បង្កើត​ចលាចល​ដោយ​មាន​បំណង​សម្លាប់​គាត់។ ទាហាន​ជាតិ​រ៉ូម​បាន​ធ្វើ​អន្ដរាគមន៍ ហើយ​សួរ​ចម្លើយ​គាត់។ ក្រោយ​មក ដោយ​សារ​គាត់​ជា​ពល​រដ្ឋ​រ៉ូម គាត់​មាន​ឱកាស​និយាយ​ការពារ​ខ្លួន​នៅ​ពី​មុខ​ភេលីច​ជា​អភិបាល​ជាតិ​រ៉ូម។ ជន​ជាតិ​យូដា​មិន​អាច​បង្ហាញ​ភ័ស្ដុតាង​គាំ​ទ្រ​ការ​ចោទ​ប្រកាន់​ដែល​ពួក​គេ​ធ្វើ​ប្រឆាំង​ប៉ូល​ទេ។ ដើម្បី​រារាំង​ភេស្ទុស ដែល​ជា​អភិបាល​ជាតិ​រ៉ូម​ម្នាក់​ទៀត​កុំ​ឲ្យ​បញ្ជូន​គាត់​ទៅ​ពួក​យូដា នោះ​ប៉ូល​បាន​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​សូម​លើក​រឿង​ក្ដី​ទៅ​សេសារ!»។ ភេស្ទុស​បាន​តប​ឆ្លើយ​ថា៖ «អ្នក​នឹង​ទៅ​ជួប​សេសារ»។—សកម្មភាព ២៥:១១, ១២

រួច​មក គេ​បាន​យក​ប៉ូល​ទៅ​អ៊ីតាលី​តាម​សំពៅ​ដើម្បី​កាត់​ក្ដី។ ក្នុង​ដំណើរ​នោះ សំពៅ​បាន​លិច ហើយ​គាត់​ត្រូវ​ស្នាក់​នៅ​លើ​កោះ​ម៉ល់តា រហូត​ដល់​ផុត​រដូវ​ត្រជាក់។ នៅ​ទី​បំផុត គាត់​បាន​មក​ដល់​ក្រុង​រ៉ូម ហើយ​ស្នាក់​នៅ​អស់​ពីរ​ឆ្នាំ​ក្នុង​ផ្ទះ​ដែល​គាត់​ជួល។ ថ្វី​បើ​មាន​ទាហាន​យាម​ក៏​ដោយ សាវ័ក​ដែល​មាន​ចិត្ដ​ខ្នះ​ខ្នែង​បំផុត​នេះ បាន​បន្ដ​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ​របស់​ព្រះ​ដល់​មនុស្ស​ទាំង​អស់​ដែល​បាន​មក​លេង​គាត់។

—មាន​មូលដ្ឋាន​លើ​សៀវភៅ​សកម្មភាព ១១:២២–២៨:៣១