លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ប្រធានបទ​នៃ​ក្រប | របៀប​គម្ពីរ​បរិសុទ្ធ​បាន​ត្រូវ​ការពារ

គម្ពីរនៅតែគង់វង្សទោះជាមានការប្រឆាំងក៏ដោយ

គម្ពីរនៅតែគង់វង្សទោះជាមានការប្រឆាំងក៏ដោយ

ការ​គំរាម​កំហែង: អ្នក​នាំ​មុខ​ខាង​នយោបាយ​និង​ខាង​សាសនា​មាន​គោល​ដៅ​ដែល​ខុស​ពី​ដំណឹង​នៅ​ក្នុង​គម្ពីរ។ ជា​ច្រើន​ដង ពួក​គេ​បាន​ប្រើ​អំណាច​របស់​ពួក​គេ​ដើម្បី​បញ្ឈប់​មនុស្ស​មិន​ឲ្យ​មាន​គម្ពីរ បោះ​ពុម្ព ឬ​បក​ប្រែ​គម្ពីរ​ឡើយ។ សូម​ពិចារណា​ឧទាហរណ៍​ពីរ​៖

  • ប្រហែល​ឆ្នាំ​១៦៧ មុនគ.ស.: ស្ដេច​អាន់ទីយ៉ូកឹស អេភីផាន បាន​បញ្ជា​ឲ្យ​គេ​បំផ្លាញ​ចោល​បទ​គម្ពីរ​ភាសា​ហេប្រឺ​ទាំង​អស់ ដោយ​សារ​គាត់​ព្យាយាម​បង្ខំ​ឲ្យ​ជនជាតិ​យូដា​កាន់​តាម​សាសនា​របស់​ប្រទេស​ក្រិច។ ហែនរិច ហ្ក្រេត្ស ដែល​ជា​ប្រវត្តិ​វិទូ​ម្នាក់​ពន្យល់​ឲ្យ​ដឹង​ថា មន្ត្រី​របស់​ស្ដេច​«​បាន​ហែក​និង​ដុត​រមូរ​នៃ​គម្ពីរ​ដែល​ពួក​គេ​បាន​រក​ឃើញ ហើយ​សម្លាប់​ពួក​អ្នក​ដែល​ខំ​អាន​គម្ពីរ​តែ​ម្ដង​»។

  • ប្រហែល​៨០០​ឆ្នាំ​មុន: អ្នក​ដឹក​នាំ​ខ្លះ​នៃ​សាសនា​កាតូលិក​ខឹង​សមាជិក​ដោយ​សារ​ពួក​គេ​បាន​បង្រៀន​អ្វី​ៗ​ដែល​គម្ពីរ​បង្រៀន​ជា​ជាង​តាម​ជំនឿ​សាសនា​កាតូលិក។ ដូច្នេះ​ពួក​គេ​បាន​ចាត់​ទុក​អ្នក​ណា​ដែល​មាន​គម្ពីរ​ក្រៅ​ពី​សៀវភៅ​ទំនុក​តម្កើង​ជា​ភាសា​ឡាតាំង ថា​ជា​អ្នក​ប្រឆាំង។ ក្រុម​ប្រឹក្សា​មួយ​របស់​សាសនា​កាតូលិក​បាន​អនុម័ត​តាម​បង្គាប់​នោះ​ដោយ​ណែនាំ​ឲ្យ​សមាជិក​របស់​ពួក​គេ​«​ស្វែង​រក​អ្នក​ប្រឆាំង​ដោយ​មាន​ចិត្ត​ខ្នះ​ខ្នែង ចិត្ត​ស្មោះ និង​ដោយ​ឥត​ឈប់​ឈរ...ហើយ​ស៊ើប​អង្កេត​កន្លែង​ទាំង​អស់​ដែល​មនុស្ស​រស់​នៅ​ដែល​គេ​សង្ស័យ​ថា​ជា​អ្នក​ដែល​មាន​គម្ពីរ...ផ្ទះ​ណា​ដែល​គេ​រក​ឃើញ​អ្នក​ប្រឆាំង ផ្ទះ​នោះ​ត្រូវ​បំផ្លាញ​ចោល​តែ​ម្ដង​»។

ប្រសិន​បើ​ពួក​សត្រូវ​ជោគ​ជ័យ​ក្នុង​ការ​បំផ្លាញ​ចោល​គម្ពីរ នោះ​ដំណឹង​ដែល​មាន​ក្នុង​គម្ពីរ​ក៏​នឹង​បាត់​បង់ទៅ​ដែរ។

ការ​បក​ប្រែ​គម្ពីរ​ជា​ភាសា​អង់គ្លេស​របស់​វីល្លាម ធីនដេល​នៅ​តែ​គង់​វង្ស​ទោះ​ជា​មាន​គេ​ដាក់​បម្រាម មាន​គេ​ដុត​ចោល និង​មាន​គេ​ប្រហារ​ជីវិត​គាត់​នៅ​ឆ្នាំ​១៥៣៦​ក៏​ដោយ

របៀប​ដែល​គម្ពីរ​បាន​នៅ​គង់​វង្ស: ស្ដេច​អាន់ទីយ៉ូកឹស​បាន​ប្រមូល​អារម្មណ៍​ទៅ​លើ​ប្រទេស​អ៊ីស្រាអែល តែ​ជនជាតិ​យូដា​បាន​ទៅ​រស់​នៅ​ប្រទេស​ជា​ច្រើន​ឯ​ទៀត។ តាម​ពិត បណ្ឌិត​គម្ពីរ​បាន​ប៉ាន់​ស្មានថា នៅ​សតវត្សរ៍​ទី​១ គ.ស. ច្រើន​ជាង​៦០​ភាគ​រយ​នៃ​ជនជាតិ​យូដា​រស់​នៅ​ក្រៅ​ប្រទេស​អ៊ីស្រាអែល។ នៅ​ក្នុង​ប្រទេស​ទាំង​នោះ ជនជាតិ​យូដា​បាន​រក្សា​ទុក​សេចក្ដី​ចម្លង​នៃ​គម្ពីរ​ក្នុង​សាលា​ប្រជុំ​របស់​ពួក​គេ ហើយ​សេចក្ដី​ចម្លង​ទាំង​នេះ​បាន​ត្រូវ​ប្រើ​ដោយ​មនុស្ស​ជំនាន់​ក្រោយ រួម​ទាំង​គ្រិស្ត​សាសនិក​ផង​ដែរ។—សកម្មភាព ១៥:២១

ក្នុង​អំឡុង​យុគ​សម័យ​កណ្ដាល​ឬ​ប្រហែល​៨០០​ឆ្នាំ​មុន អ្នក​ដែល​ស្រឡាញ់​គម្ពីរ​មាន​ចិត្ត​ក្លាហាន​ជួប​ការ​បៀត​បៀន ហើយ​បន្ត​បក​ប្រែ​និង​ចម្លង​គម្ពីរ។ មុន​គេ​បង្កើត​ម៉ាស៊ីន​បោះ​ពុម្ព​ដែល​អាច​រៀប​អក្សរ​បាន​ប្រហែល​ជា​នៅ​ឆ្នាំ​១៤៥០ ផ្នែក​ខ្លះ​ៗ​នៃ​គម្ពីរ​ប្រហែល​ជា​មាន​ក្នុង​៣៣​ភាសា​រួច​ទៅ​ហើយ។ ក្រោយ​មក គម្ពីរ​បាន​ត្រូវ​បក​ប្រែ​និង​បោះ​ពុម្ព​យ៉ាង​លឿង​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។

លទ្ធផល: ទោះ​ជា​មាន​ការ​គំរាម​ដ៏​សាហាវ​ពី​ស្ដេច និង​បព្វជិត​ដែល​យល់​ច្រឡំ​ក៏​ដោយ គម្ពីរ​ជា​សៀវភៅ​ដែល​បាន​ត្រូវ​ចែក​ចាយ​និង​បក​ប្រែ​ច្រើន​ជាង​គេ​បង្អស់​ក្នុង​ប្រវត្តិ​សាស្ត្រ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ប្រទេស​ខ្លះ​បាន​បង្កើត​ច្បាប់​ដែល​មាន​ក្នុង​គម្ពីរ ហើយ​សេចក្ដី​បក​ប្រែ​គម្ពីរ​ក៏​មាន​ឥទ្ធិពល​ទៅ​លើ​ភាសា​ខ្លះ​ៗ និង​ជីវិត​របស់​មនុស្ស​រាប់​លាន​នាក់​ផង​ដែរ។