លោតទៅអត្ថបទ

តើគម្ពីរចែងយ៉ាងណាអំពីការរម្លូតកូន?

តើគម្ពីរចែងយ៉ាងណាអំពីការរម្លូតកូន?

ចម្លើយ​ពី​គម្ពីរ

 គម្ពីរ​មិន​ប្រើ​ពាក្យ«រម្លូត​កូន»ក្នុង​ន័យ​ថា​ធ្វើ​ឲ្យ​ទារក​ដែល​កំពុង​លូត​លាស់​ក្នុង​ផ្ទៃ​រលូត​ចេញ​នោះ​ទេ។ ប៉ុន្ដែ ខ​គម្ពីរ​ជា​ច្រើន​ប្រាប់​អំពី​ទស្សនៈ​របស់​ព្រះ​ស្ដី​អំពី​ជីវិត​មនុស្ស រួម​ទាំង​ទារក​ដែល​មិន​ទាន់​កើត​មក​ផង។

 ជីវិត​ជា​អំណោយ​ពី​ព្រះ។ (លោកុប្បត្តិ ៩:៦; ទំនុក​តម្កើង ៣៦:៩) លោក​ចាត់​ទុក​ជីវិត​ទាំង​អស់​ថា​មាន​តម្លៃ រួម​ទាំង​ជីវិត​ទារក​នៅ​ក្នុង​ផ្ទៃ​ផង​ដែរ។ ដូច្នេះ បើ​អ្នក​ណា​ម្នាក់​សម្លាប់​ទារក​ក្នុង​ផ្ទៃ​ដោយ​ចេតនា នោះ​ចាត់​ទុក​ថា​ជា​ឃាតករ។

 ព្រះ​បាន​ឲ្យ​ច្បាប់​ដល់​ជន​ជាតិ​អ៊ីស្រាអែល​ថា៖«បើ​អ្នក​ណា​ឈ្លោះ​គ្នា ហើយ​ប៉ះ​ទង្គិច​លើ​ស្ដ្រី​មាន​ផ្ទៃ​ពោះ​ឲ្យ​រលូត​កូន តែ​គ្មាន​គ្រោះ​ថ្នាក់​ទេ នោះ​ត្រូវ​ធ្វើ​ទោស​ជា​មិន​ខាន តាម​បន្ទុក​ដែល​ប្ដី​របស់​នាង​ផ្ទុក​លើ​អ្នក​នោះ ហើយ​ត្រូវ​សង​គេ​តាម​ដែល​ចៅ​ក្រម​កាត់​សំ​រេច​ឲ្យ ប៉ុន្ដែ​បើ​មាន​គ្រោះ​ថ្នាក់ នោះ​ត្រូវ​សង​ជីវិត​ឲ្យ​ធួន​នឹង​ជីវិត»។—និក្ខមនំ ២១:២២, ២៣ a

 តើ​មនុស្ស​ចាប់​ផ្ដើម​មាន​ជីវិត​នៅ​ពេល​ណា?

 ចាប់​តាំង​ពី​ថ្ងៃ​ដែល​ទារក​ចាប់​ផ្ដើម​បង្ក​កំណើត​ក្នុង​ផ្ទៃ​ម្ដាយ ព្រះ​ចាត់​ទុក​ទារក​នោះ​ស្មើ​នឹង​ជីវិត​មនុស្ស​ម្នាក់។ ក្នុង​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​ព្រះ រៀប​រាប់​ម្ដង​ហើយ​ម្ដង​ទៀត​អំពី​ទារក​ក្នុង​ផ្ទៃ ថា​ជា​មនុស្ស​ម្នាក់។ សូម​ពិចារណា​ឧទាហរណ៍​ខ្លះៗដែល​បញ្ជាក់​ថា ព្រះ​ចាត់​ទុក​ជីវិត​របស់​ទារក​ក្នុង​ផ្ទៃ និង​ជីវិត​របស់​មនុស្ស​ដែល​កើត​មក​រួច​ហើយ​ថា​ដូច​គ្នា។

  •    ក្រោម​ការ​ដឹក​នាំ​ពី​ព្រះ ស្ដេច​ដាវីឌ​បាន​និយាយ​ទៅ​កាន់​លោក​ថា៖«ព្រះ​នេត្រ​ទ្រង់​បាន​ឃើញ​ធាតុ​នៃ​ទូល​បង្គំ ក្នុង​កាល​ដែល​មិន​ទាន់​មាន​រូប​រាង​នៅ​ឡើយ»។ (ទំនុក​តម្កើង ១៣៩:១៦) ព្រះ​បាន​ចាត់​ទុក​ដាវីឌ​ជា​បុគ្គល​ម្នាក់​មុន​គាត់​កើត​មក។

  •    បន្ថែម​ទៅ​ទៀត ព្រះ​មាន​គោល​បំណង​ពិសេស​មួយ​រួច​ជា​ស្រេច សម្រាប់​យេរេមា​ជា​អ្នក​ប្រកាស​ទំនាយ មុន​ដែល​គាត់​កើត​មក​ទៅ​ទៀត។ ព្រះ​បាន​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖«មុន​ដែល​អញ​បាន​ជប​បង្កើត​ឯង​នៅ​ក្នុង​ពោះ​ម្ដាយ នោះ​អញ​ស្គាល់​ឯង​ហើយ កាល​មុន​ដែល​ឯង​សំ​រាល​ចេញ​ពី​ផ្ទៃ​មក នោះ​អញ​បាន​ញែក​ឯង​ជា​បរិសុទ្ធ​ផង ក៏​បាន​តាំង​ឯង​ឡើង​ជា​ហោរា ដល់​អស់​ទាំង​សាសន៍»។—យេរេមា ១:៥

  •    លូកា​ជា​អ្នក​សរសេរ​គម្ពីរ​និង​ជា​គ្រូ​ពេទ្យ បាន​ប្រើ​ពាក្យ​ភាសា​ក្រិច​ដូច​គ្នា ពេល​រៀប​រាប់​អំពី​ទារក​ក្នុង​ផ្ទៃ និង​ទារក​ទើប​នឹង​កើត។—លូកា ១:៤១; ២:១២, ១៦

 តើ​ព្រះ​នឹង​អភ័យ​ទោស​ឲ្យ​អ្នក​ដែល​ធ្លាប់​រម្លូត​កូន​ឬ​ទេ?

 អស់​អ្នក​ដែល​ធ្លាប់​រម្លូត​កូន អាច​ទទួល​ការ​អភ័យ​ទោស​ពី​ព្រះ​បាន។ បើ​ឥឡូវ​ពួក​គេ​ព្រម​ទទួល​យក​ទស្សនៈ​របស់​ព្រះ​ស្ដី​អំពី​ជីវិត ហើយ​ពួក​គេ​មិន​ចាំ​បាច់​បន្ទោស​ខ្លួន​ហួស​ហេតុ​ពេក​ទេ។ គម្ពីរ​ចែង​ថា៖«ព្រះយេហូវ៉ា​ទ្រង់​មាន​សេចក្ដី​មេត្ដា​ករុណា ទ្រង់​បាន​ដក​យក​អស់​ទាំង​ការ​ល្មើស​នៃ​យើង ឲ្យ​ឃ្លាត​ឆ្ងាយ​ពី​យើង​យ៉ាង​នោះ​ដែរ»។ b (ទំនុក​តម្កើង ១០៣:៨​-​១២) ព្រះយេហូវ៉ា​នឹង​អភ័យ​ទោស​ឲ្យ​អស់​អ្នក​ដែល​ប្រែ​ចិត្ដ​ដោយ​ស្មោះ​ពី​អំពើ​ខុស​ឆ្គង​ដែល​ពួក​គេ​ធ្លាប់​ធ្វើ​ពី​មុន រួម​ទាំង​ការ​រម្លូត​កូន​ផង​ដែរ។—ទំនុក​តម្កើង ៨៦:៥

 តើ​ការ​រ​ម្លូ​ត​កូន​ជា​ការ​ខុស​ឬ​ទេ បើ​ជីវិត​ម្ដាយ​ឬ​ទារក​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះ​ថ្នាក់?

 ដោយ​គិត​អំពី​អ្វី​ដែល​គម្ពីរ​ចែង​អំពី​ជីវិត​ទារក​ក្នុង​ផ្ទៃ បុគ្គល​ម្នាក់​នឹង​មិន​ត្រូវ​ដោះ​សា​អំពី​ការ​រម្លូត​កូន ព្រោះ​តែ​បញ្ហា​សុខភាព​ធ្ងន់​ធ្ងរ​ដែល​អាច​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​ម្ដាយ​ឬ​កូន​ឡើយ។

 ចុះ​យ៉ាង​ណា​បើ​ពេល​សម្រាល​កូន មាន​ស្ថានភាព​ដ៏​កម្រ​មួយ​កើត​ឡើង គឺ​មាន​ករណី​បន្ទាន់​ដែល​តម្រូវ​ឲ្យ​ជ្រើស​រើស​សង្គ្រោះ​ជីវិត​ម្ដាយ​ឬ​ជីវិត​ទារក? ក្នុង​ករណី​បែប​នេះ អស់​អ្នក​ដែល​ជាប់​ពាក់​ព័ន្ធ​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ដ​ផ្ទាល់​ខ្លួន​ថា​ត្រូវ​សង្គ្រោះ​ជីវិត​មួយ​ណា។

a សេចក្ដី​បក​ប្រែ​ខ្លះ​រៀប​រាប់​អំពី​ច្បាប់​នេះ​ដែល​បាន​ត្រូវ​ឲ្យ​ដល់​ជន​ជាតិ​អ៊ីស្រាអែល ឲ្យ​ឃើញ​ដូច​ជា​អ្វី​ដែល​សំខាន់ គឺ​ទាក់​ទង​នឹង​គ្រោះ​ថ្នាក់​ដល់​ម្ដាយ មិន​មែន​ដល់​ទារក​ក្នុង​ផ្ទៃ​ទេ។ ប៉ុន្ដែ ពាក្យ​ភាសា​ហេប្រឺ​សំដៅ​ទៅ​លើ​គ្រោះ​ថ្នាក់​មិន​ថា​ជា​ម្ដាយ​ឬ​ជា​កូន​ទេ។

b យេហូវ៉ា​គឺ​ជា​នាម​របស់​ព្រះ ដូច​ដែល​បាន​ត្រូវ​បង្ហាញ​ក្នុង​គម្ពីរ។—ទំនុក​តម្កើង ៨៣:១៨