របៀបកាត់បន្ថយចំណាយ
ដោយសារបញ្ហាសេដ្ឋកិច្ច តើអ្នកពិបាករស់នៅឬទេ? រោគរាតត្បាត គ្រោះមហន្តរាយធម្មជាតិ បញ្ហានយោបាយ និងសង្គ្រាមអាចនាំឲ្យមានបញ្ហាសេដ្ឋកិច្ច ហើយពេលមានបញ្ហាសេដ្ឋកិច្ច នេះនាំឲ្យយើងតានតឹងចិត្តណាស់។ ប៉ុន្តែ ក្នុងគម្ពីរមានយោបល់ដ៏មានប្រាជ្ញាដែលអាចជួយយើងឲ្យរស់នៅបាន ទោះជាយើងមានប្រាក់ចំណូលតែបន្តិចបន្តួចក្ដី។
១. ទទួលយកស្ថានភាពថ្មីរបស់អ្នក។
គោលការណ៍គម្ពីរ៖ «ខ្ញុំចេះរស់នៅ . . . ដោយមានតែបន្តិចបន្តួច ខ្ញុំចេះរស់នៅដោយមានបរិបូរ»។—ភីលីព ៤:១២
ទោះជាអ្នកមិនសូវមានលុយដូចពីមុនក្ដី អ្នកអាចសម្របខ្លួននឹងស្ថានភាពថ្មី។ ពេលដែលអ្នកឆាប់ទទួលស្គាល់ការពិត ហើយសម្របខ្លួន នោះអ្នកនិងក្រុមគ្រួសាររបស់អ្នកអាចយកឈ្នះបាន។
សូមមើលថាតើរដ្ឋាភិបាលឬអង្គការណាមួយអាចជួយអ្នកបាន! សូមរហ័សចុះឈ្មោះ ព្រោះពេលវេលាផ្ដល់ជំនួយនោះមានកម្រិត។
២. សហការគ្នាជាក្រុមគ្រួសារ។
គោលការណ៍គម្ពីរ៖ «បើគ្មានការប្រឹក្សាទេ នោះគម្រោងនឹងបរាជ័យ តែបើមានការប្រឹក្សាច្រើន នោះគម្រោងនឹងបានជោគជ័យវិញ»។—សុភាសិត ១៥:២២
ពិភាក្សាជាមួយគូ និងកូនៗរបស់អ្នកអំពីស្ថានភាពនោះ ដោយមានការប្រាស្រ័យទាក់ទងល្អ អ្នកអាចជួយក្រុមគ្រួសារឲ្យយល់ ហើយគាំទ្រការកែប្រែណាមួយដែលចាំបាច់។ ហើយពេលដែលក្រុមគ្រួសារសហការគ្នា នោះពួកគេអាចសន្សំសំចៃ ហើយជៀសវាងពីការខ្ជះខ្ជាយ ហើយអ្នកអាចប្រើលុយដែលអ្នកមានធ្វើអ្វីផ្សេងទៀតបាន។
៣. រៀបចំគម្រោងថវិកា។
គោលការណ៍គម្ពីរ៖«អង្គុយគិតគូរជាមុនសិន»។—លូកា ១៤:២៨
ពេលអ្នកមានប្រាក់ចំណូលតិច គឺសំខាន់ឲ្យអ្នកដឹងថាតើអ្នកចំណាយលើអ្វីខ្លះ។ ដំបូងអ្នកអាចកត់ទុកប្រាក់ចំណូលដែលអ្នកនឹងទទួលជារៀងរាល់ខែស្របតាមស្ថានភាពថ្មីរបស់អ្នក។ បន្ទាប់មកកត់ទុកអ្វីដែលអ្នកចំណាយរាល់ខែ ឬការចំណាយលើអ្វីដែលអ្នកចូលចិត្ត ទោះជាអ្នកដឹងថាអ្នកនឹងឈប់ចំណាយលើអ្វីទាំងនោះក៏ដោយ។ ព្យាយាមរាប់បញ្ចូលប្រាក់សន្សំពីការចំណាយប្រចាំខែដែលអ្នកបានទុកសម្រាប់គ្រាអាសន្ន ឬការចំណាយដែលមិននឹកស្មានដល់។
យោបល់៖ ពេលដែលអ្នកដឹងអំពីការចំណាយរបស់អ្នកហើយ សូមកុំភ្លេចរាប់បញ្ចូលការទិញរបស់កំប៉ិកកំប៉ុកផងដែរ។ អ្នកប្រហែលជាភ្ញាក់ផ្អើលពេលដែលអ្នកដឹងថា អ្នកចំណាយច្រើនប៉ុនណាទៅលើរបស់ទាំងនោះយូរមកហើយ។ ជាឧទាហរណ៍ ក្រោយពីគិតគូរការចំណាយបុរសម្នាក់បានដឹងថា ជារៀងរាល់ឆ្នាំគាត់ចំណាយប្រមាណជាង៣០០ទៅ៤០០ដុល្លារលើស្ករកៅស៊ូ។
៤. សូមសម្រេចថាតើការចំណាយមួយណាដែលសំខាន់បំផុត ហើយធ្វើការកែប្រែ។
គោលការណ៍គម្ពីរ៖«ពិចារណាឲ្យដឹងប្រាកដថាការអ្វីដែលសំខាន់ជាង»។—ភីលីព ១:១០
សូមប្រៀបធៀបប្រាក់ចំណាយនិងប្រាក់ចំណូលរបស់អ្នក ធ្វើដូច្នេះអ្នកអាចដឹងថាអ្នកអាចកាត់បន្ថយលើការចំណាយអ្វីខ្លះ ឬឈប់ចំណាយលើអ្វីទាំងនោះតែម្ដង ដើម្បីអ្នកអាចនៅសល់ប្រាក់ចំណូលច្រើនជាង។ សូមពិចារណាអំពីចំណុចដូចតទៅនេះ៖
យានជំនិះ។ បើអ្នកមានយាន្តជំនិះពីរ តើអ្នកអាចលក់មួយបានទេ? បើអ្នកមានយាន្តជំនិះទំនើប តើអ្នកអាចប្ដូរវាទៅជាយាន្តជំនិះធម្មតាបានទេ? តើអ្នកអាចប្រើការធ្វើដំណើរសាធារណៈ ឬជិះកង់ ហើយបើអាចធ្វើបាន មិនមានយាន្តជំនិះតែម្ដងបានទេ?
ការកម្សាន្ដ។ តើអ្នកអាចផ្អាកមួយរយៈទៅលើការចំណាយកម្មវិធីផ្សាយផ្ទាល់ ឬប៉ុស្តិ៍ទូរទស្សន៍ខ្សែកាបឬទេ? ឬតើអ្នកអាចប្ដូរទៅក្រុមហ៊ុនដែលថោកជាងបានទេ? ជាឧទាហរណ៍ នៅបណ្ណាល័យជិតតំបន់របស់អ្នកប្រហែលជាឲ្យខ្ចីសៀវភៅ ភាពយន្ត ឬឯកសារសំឡេងដោយឥតគិតថ្លៃ។
ទឹកភ្លើង។ សូមពិភាក្សាជាមួយក្រុមគ្រួសារអំពីរបៀបកាត់បន្ថយការចំណាយលើទឹក ភ្លើង និងប្រេងឥន្ធនៈ។ សូមបិទភ្លើង ហើយងូតទឹកលឿនជាង នេះមើលទៅមិនសូវសំខាន់ប៉ុន្តែទម្លាប់បែបនេះអាចជួយអ្នកឲ្យសន្សំលុយបាន។
អាហារ។ ជៀសវាងការចេញទៅញ៉ាំខាងក្រៅ តែផ្ទុយទៅវិញអ្នកអាចធ្វើម្ហូបនៅផ្ទះ។ សូមគិតអំពីម្ហូបដែលអ្នកនឹងធ្វើ ហើយទិញនិងធ្វើម្ហូបច្រើនតាមដែលអាចធ្វើបានសម្រាប់ទុកនៅពេលក្រោយ។ សូមធ្វើបញ្ជីមុននឹងទៅផ្សារ ដើម្បីជៀសវាងការទិញអ្វីដែលមិនចាំបាច់។ សូមទិញបន្លែផ្លែឈើតាមរដូវកាលព្រោះនេះថោកជាង កុំទិញអាហារដែលបង្ខូចសុខភាព ហើយបើអាចធ្វើបាន អ្នកអាចដាំបន្លែខ្លួនឯង។
សម្លៀកបំពាក់។ សូមទិញខោអាវនៅពេលដែលអ្នកត្រូវការដោយសារខោអាវរហែកឬចាស់ មិនមែនដេញតាមម៉ូតទាន់សម័យនោះទេ។ សូមរកទិញពេលគេបញ្ចុះតម្លៃឬពីហាងមួយទឹក ឬហាងជជុះ។ ម្យ៉ាងទៀត ក្រោយពេលបោកខោអាវជាជាប្រើម៉ាស៊ីនសម្ងួត អ្នកអាចហាលសម្លៀកបំពាក់ទាំងនោះ បើអាកាសធាតុ និងកាលៈទេសៈអំណោយផល ព្រោះអាចសន្សំសំចៃថ្លៃភ្លើង។
សម្ភារៈដែលចង់ទិញនៅថ្ងៃអនាគត។ មុននឹងអ្នកទិញអ្វីមួយ សូមសួរខ្លួនថា៖ ‹តើខ្ញុំមានលទ្ធភាពទិញទេ? តើខ្ញុំពិតជាត្រូវការវាទេ?› តើអ្នកអាចពន្យារពេលក្នុងការទិញគ្រឿងអេឡិចត្រូនិក ឬយាន្តជំនិះទេ? ផ្ទុយទៅវិញ តើអ្នកអាចលក់របស់ដែលអ្នកលែងត្រូវការ ឬលែងប្រើទៀតឬទេ? ការធ្វើដូច្នេះអាចជួយអ្នកឲ្យមានជីវិតសាមញ្ញជាង ហើយជួយបង្កើនប្រាក់ចំណូលរបស់អ្នក។
យោបល់៖ ពេលដែលប្រាក់ចំណូលរបស់អ្នកបានកាត់បន្ថយភ្លាមៗ អ្នកប្រហែលជាចង់បញ្ឈប់ទម្លាប់ខ្លះៗដែលចំណាយប្រាក់ច្រើន និងនាំទុក្ខដល់ខ្លួន ដូចជាការជក់បារី ការលេងល្បែងស៊ីសង ឬការផឹកស្រាហួសប្រមាណ។ ការបញ្ឈប់ទម្លាប់ទាំងនេះ មិនគ្រាន់តែសន្សំសំចៃលុយប៉ុណ្ណោះទេ តែក៏ជួយអ្នកមានសុខភាពល្អដែរ។
៥. រៀនអ្វីដែលគម្ពីរចែង។
គោលការណ៍គម្ពីរ៖ «អស់អ្នកដែលស្រេកឃ្លានចំពោះការណែនាំពីព្រះ នោះមានសុភមង្គលហើយ!»។—ម៉ាថាយ ៥:៣
គម្ពីរមានការណែនាំដ៏សមហេតុផលថា៖«ប្រាជ្ញាជាគ្រឿងការពារ ដូចប្រាក់ក៏ជាគ្រឿងការពារដែរ។ ប៉ុន្តែ ការមានចំណេះនិងប្រាជ្ញាគឺប្រសើរជាង ដោយសារនោះរមែងជួយរក្សាជីវិតរបស់អ្នកដែលមានអ្វីទាំងនោះ»។ (អ្នកទូន្មាន ៧:១២) ប្រាជ្ញាបែបនេះគឺមាននៅក្នុងគម្ពីរ ហើយមនុស្សជាច្រើនបានធ្វើតាមការណែនាំនេះ ដែលជួយពួកគេឲ្យជៀសវាងការខ្វល់ខ្វាយហួសហេតុពេកអំពីបញ្ហាសេដ្ឋកិច្ច។—ម៉ាថាយ ៦:៣១, ៣២