លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការ​ចាត់​ចែង​លុយ​កាក់

ការ​ចាត់​ចែង​លុយ​កាក់

មនុស្ស​ជា​ច្រើន​មាន​បញ្ហា​ខាង​លុយ​កាក់​តិច​ជាង ពេល​ពួក​គេ​ធ្វើ​តាម​គោល​ការណ៍​គម្ពីរ។

រៀប​ចំ​គម្រោង​ល្អ

គោល​ការណ៍​គម្ពីរ: ​«​គំនិត​របស់​មនុស្ស​ឧស្សាហ៍ នោះ​នាំ​ឲ្យ​បាន​បរិបូរ​ឡើង​តែ​ម្យ៉ាង តែ​អស់​អ្នក​ណា​ដែល​មាន​ចិត្ត​រលះ​រលាំង​នោះ​នឹង​បាន​តែ​សេចក្ដី​ខ្វះ​ខាត​វិញ​»។—សុភាសិត ២១:៥

អត្ថន័យ: អ្នក​ត្រូវ​គិត​ទុក​ជា​មុន ឬ​រៀប​ចំ​គម្រោង ហើយ​ខំ​ធ្វើ​តាម​គម្រោង​នោះ។ ហេតុ​នេះ សូម​គិត​ដោយ​យក​ចិត្ត​ទុក​ដាក់ មុន​នឹង​អ្នក​ប្រើ​លុយ។ សូម​ចាំ​ថា អ្នក​មិន​ត្រូវ​ទិញ​អ្វី​តាម​តែ​ចិត្ត​ចង់​នោះ​ទេ។ ដូច្នេះ សូម​ចំណាយ​លុយ​របស់​អ្នក​ដោយ​ប្រុង​ប្រយ័ត្ន។

អ្វី​ដែល​អ្នក​អាច​ធ្វើ:

  • ធ្វើ​តាម​គម្រោង​ចំណាយ។ ស្តី​អំពី​អ្វី​ដែល​អ្នក​ត្រូវ​ចំណាយ សូម​សរសេរ​វា​ទាំង​អស់ ហើយ​ចែក​វា​តាម​ផ្នែក​ផ្សេង​ៗ។ បន្ទាប់​មក ត្រៀម​លុយ​ទុក​សម្រាប់​ការ​ចំណាយ​លើ​ផ្នែក​នីមួយ​ៗ​នោះ។ បើ​អ្នក​ចំណាយ​ច្រើន​ទៅ​លើ​របស់​ណា​មួយ​ក្នុង​ផ្នែក​នោះ សូម​យក​ប្រាក់​ពី​ផ្នែក​ផ្សេង​មក​បង្គ្រប់​វិញ។ ជា​ឧទាហរណ៍ បើ​អ្នក​ចំណាយ​ទៅ​លើ​ថ្លៃ​សាំង​រថយន្ត​ច្រើន​ជាង​អ្វី​ដែល​អ្នក​គិត សូម​ដក​យក​ការ​ចំណាយ​ណា​ដែល​អ្នក​គិត​ថា​មិន​សូវ​សំខាន់​មក​បង្គ្រប់។ ឧទាហរណ៍ ដូច​ជា​យក​ពី​ថ្លៃ​ចំណាយ​ក្នុង​ការ​ញ៉ាំ​អ្វី​នៅ​ខាង​ក្រៅ មក​បង្គ្រប់​ពី​លើ​ថ្លៃ​សាំង​ជា​ដើម។

  • កុំ​ជំពាក់​បំណុល​ដែល​មិន​ចាំ​បាច់។ ដើម្បី​កុំ​ឲ្យ​ជំពាក់​បំណុល កុំ​ខ្ចី​លុយ​គេ។ ជា​ជាង​ខ្ចី​លុយ សូម​សន្សំ​លុយ​ដើម្បី​ទិញ​អ្វី​ដែល​អ្នក​គិត​ថា​ពិត​ជា​ត្រូវ​ការ​ជា​ចាំ​បាច់។ បើ​អ្នក​ប្រើ​កាត​ឥណទាន សូម​ព្យាយាម​បង់​បង្គ្រប់​ចំពោះ​ការ​ចំណាយ​ទាំង​អស់​រាល់​ខែ ដើម្បី​មិន​ចាំ​បាច់​បង់​ការ​ប្រាក់។ បើ​អ្នក​ជំពាក់​បំណុល សូម​រៀប​ចំ​គម្រោង​បង់​រំ​លោះ ហើយ​ខំ​ធ្វើ​តាម។

    យោង​តាម​ការ​ស្រាវ​ជ្រាវ​មួយ​បាន​សន្និដ្ឋាន​ថា ពេល​ដែល​មនុស្ស​ចំណាយ​ដោយ​ប្រើ​កាត​ឥណទាន ពួក​គេ​ចំណាយ​ច្រើនជាង​ធម្មតា។ ដូច្នេះ បើ​អ្នក​មាន​កាត​ឥណទាន សូម​ប្រើ​វា​ដោយ​ឈ្លាស​វៃ។

ព្យាយាម​កុំ​មាន​ចិត្ត​គំនិត​ដែល​នាំ​ឲ្យ​ជួប​ការ​ពិបាក

គោល​ការណ៍​គម្ពីរ: ​«​មនុស្ស​ខ្ជិល​ច្រអូស​មិន​ព្រម​ភ្ជួរ​រាស់ ដោយ​ព្រោះ​នៅ​រងា​នៅ​ឡើយ ដូច្នេះ គេ​នឹង​ត្រូវ​សុំ​ទាន​ក្នុង​រដូវ​ចំ​រូត​ហើយ​ខ្វះ​ខាត​វិញ​»។—សុភាសិត ២០:៤

អត្ថន័យ: ការ​ខ្ជិល​ច្រអូស​អាច​នាំ​មក​នូវ​ភាព​ក្រី​ក្រ។ ដូច្នេះ សូម​ធ្វើ​ជា​អ្នក​ដែល​ឧស្សាហ៍​ធ្វើ​ការ ហើយ​សូម​ប្រើ​លុយ​ដោយ​ឈ្លាស​វៃ ដើម្បី​អ្នក​អាច​មាន​អ្វី​ដែល​អ្នក​ត្រូវ​ការ​សម្រាប់​ថ្ងៃ​អនាគត។

អ្វី​ដែល​អ្នក​អាច​ធ្វើ:

  • ឧស្សាហ៍​ធ្វើ​ការ។ ការ​ពារ​ប្រភព​ចំណូល​របស់​អ្នក ដោយ​ធ្វើ​ជា​មនុស្ស​ឧស្សាហ៍ និង​គួរ​ឲ្យ​ទុក​ចិត្ត​ចំពោះ​ការ​ងារ​ដែល​អ្នក​ធ្វើ។ ចៅហ្វាយ​ពេញ​ចិត្ត​អ្នក​ដែល​ឧស្សាហ៍​ព្យាយាម។

  • ទៀង​ត្រង់។ កុំ​លួច​ពី​ចៅហ្វាយ។ ការ​ប្រព្រឹត្ត​មិន​ទៀង​ត្រង់​បង្ខូច​កេរ្ដិ៍​ឈ្មោះ​របស់​អ្នក ហើយ​នាំ​ឲ្យ​អ្នក​ពិបាក​ក្នុង​ការ​រក​ការ​ងារ​ធ្វើ​នៅ​ពេល​ក្រោយ។

  • កុំ​លោភ​លន់។ ការ​ចង់​បាន​លុយ​ច្រើន​ឡើង​ៗ ទី​បំផុត​នឹង​នាំ​ឲ្យ​ខូច​សុខភាព និង​បង្ខូច​ទំនាក់​ទំនង​ល្អ​របស់​អ្នក​ជា​មួយ​អ្នក​ឯ​ទៀត។ សូម​ចាំ​ថា លុយ​មិន​មែន​ជា​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​នោះ​ទេ។

គោល​ការណ៍​គម្ពីរ​ឯ​ទៀត

សូម​អានគម្ពីរ,ដែល​មាន​រាប់​រយ​ភាសា​នៅ​គេហទំព័រ​jw.org

កុំ​បង្ខាត​ពេល​និង​លុយ​កាក់​ទៅ​លើ​ទម្លាប់​អាក្រក់

​«​ដ្បិត​មនុស្ស​ប្រមឹក នឹង​មនុស្ស​ល្មោភ​នឹង​ទៅ​ជា​ក្រ ហើយ​សេចក្ដី​ងុយ​ងោក​នឹង​នាំ​ឲ្យ​ស្លៀក​ពាក់​កណ្ដាច​»។—សុភាសិត ២៣:២១

កុំ​បារម្ភ​ខ្លាំង​ពេក​អំពី​លុយ​កាក់

​«​ឈប់​ខ្វល់​ខ្វាយ​អំពី​ជីវិត​ខ្លួន​ថា នឹង​បាន​អ្វី​បរិភោគ​ឬ​ផឹក ហើយ​ឈប់​ខ្វល់​ខ្វាយ​អំពី​រូប​កាយ​ថា នឹង​បាន​អ្វី​ស្លៀក​ពាក់​ដែរ​»។—ម៉ាថាយ ៦:២៥

កុំ​ច្រណែន

​«​អ្នក​ណា​ដែល​មាន​ភ្នែក​អាក្រក់[​ឬ​«​ច្រណែន​»​] នោះ​កំពុង​តែ​រួស​រាន់​ដេញ​តាម​ទ្រព្យ​សម្បត្ដិ ឥត​ដឹង​ឡើយ​ថា សេចក្ដី​ខ្វះ​ខាត​នឹង​តាម​ខ្លួន​ទាន់​»។—សុភាសិត ២៨:២២; ព.ថ