លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ហេតុអ្វីព្រះមិនតបឆ្លើយនឹងសេចក្ដីអធិដ្ឋានទាំងអស់?

ហេតុអ្វីព្រះមិនតបឆ្លើយនឹងសេចក្ដីអធិដ្ឋានទាំងអស់?

ព្រះ​យេហូវ៉ា​ដែល​ជា​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌ ពេញ​ចិត្ត​ចង់​ស្ដាប់​សេចក្ដី​អធិដ្ឋាន​ដ៏​ស្មោះ​ត្រង់​របស់​យើង។ ប៉ុន្តែ​មាន​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​លោក​មិន​តប​ឆ្លើយ​នឹង​សេចក្ដី​អធិដ្ឋាន​របស់​យើង។ តើ​នោះ​ជា​អ្វី ហើយ​តើ​យើង​គួរ​ចង​ចាំ​អ្វី​ខ្លះ​ពេល​យើង​អធិដ្ឋាន? សូម​មើល​គោល​ការណ៍​គម្ពីរ​ខ្លះ​នៅ​ខាង​ក្រោម​នេះ។

«​ពេល​ដែល​អធិដ្ឋាន កុំ​ពោល​ពាក្យ​ដដែល​ៗ​»។—ម៉ាថាយ ៦:៧

ព្រះ​យេហូវ៉ា​មិន​ចង់​ឲ្យ​យើង​អធិដ្ឋាន​ដោ​យ​ទន្ទេញ​ចាំ​ពាក្យ​ដដែល​ៗ​ឬ​អាន​ពាក្យ​ពី​សៀវភៅ​ណា​មួយ​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ លោក​ចង់​ឲ្យ​យើង​និយាយ​ចេញ​ពី​ចិត្ត។ សូម​ស្រមៃ​គិត​ថា អ្នក​នឹង​ធុញ​ទ្រាន់​យ៉ាង​ណា បើ​មិត្ត​ម្នាក់​និយាយ​ពាក្យ​ដដែល​ៗ​ទៅ​កាន់​អ្នក​រាល់​ដង។ មិត្ត​ល្អ​និយាយ​ដោ​យ​ឥត​លាក់​លៀម​និង​ស្មោះ​ត្រង់​ជា​មួយ​គ្នា។ ពេល​ដែល​យើង​អធិដ្ឋាន​ទៅ​បិតា​របស់​យើង​ដែល​នៅ​ស្ថាន​សួគ៌ ដោ​យ​ប្រើ​ពាក្យ​របស់​យើង​ផ្ទាល់។ នេះ​បង្ហាញ​ថា​យើង​ចាត់​ទុក​លោក​ថា​ជា​មិត្ត​របស់​យើង។

«​ពេល​ដែល​អ្នក​រាល់​គ្នា​សុំ នោះ​មិន​បាន​ទទួល​ទេ ពី​ព្រោះ​អ្នក​រាល់​គ្នា​សុំ​ដោ​យ​មាន​បំណង​អាក្រក់​»។—យ៉ាកុប ៤:៣

យើង​មិន​អាច​រំពឹង​ថា​ព្រះ​នឹង​ឆ្លើយ​តប​ការ​អធិដ្ឋាន​របស់​យើង​នោះ​ទេ ប្រសិន​បើ​យើង​សុំ​អ្វី​ដែល​យើង​ដឹង​ថា លោក​មិន​ចង់​ឲ្យ​យើង​ធ្វើ​ឬ​មាន។ ជា​ឧទាហរណ៍ បើ​បុគ្គល​ម្នាក់​លេង​ល្បែង​ហើយ​អធិដ្ឋាន​សុំ​ឲ្យ​ព្រះ​ជួយ​ឲ្យ​គាត់​មាន​សំណាង​ល្អ​និង​ឈ្នះ​លុយ តើ​ព្រះ​យេហូវ៉ា​នឹង​ឆ្លើយ​តប​សេចក្ដី​អធិដ្ឋាន​នោះ​ឬ​ទេ? លោក​បាន​ប្រាប់​យើង​យ៉ាង​ច្បាស់​ថា មិន​ឲ្យ​មាន​ចិត្ត​លោភ​លន់​និង​មាន​ជំនឿ​ទៅ​លើ​អ្វី​ដែល​មិន​ពិត​ដូច​ជា​ការ​មាន​លាភ។ (​អេសាយ ៦៥:១១; លូកា ១២:១៥​) គឺ​មិន​សម​ហេតុ​ផល​ឡើយ​ឲ្យ​យើង​រំពឹង​ថា ព្រះ​យេហូវ៉ា​នឹង​ឆ្លើយ​តប​សេចក្ដី​អធិដ្ឋាន​ទាំង​នេះ! យើង​ត្រូវ​ប្រាកដ​ថា សំណូម​ពរ​របស់​យើង​សម​ស្រប​ទៅ​នឹង​អ្វី​ដែល​លោក​បាន​ប្រាប់​ក្នុង​គម្ពីរ ដើម្បី​ឲ្យ​លោក​ឆ្លើយ​តប​នឹង​សេចក្ដី​អធិដ្ឋាន​របស់​យើង។

​​«​អ្នក​ណា​ដែល​បែរ​ត្រចៀក​ចេញ​មិន​ព្រម​ស្ដាប់​បញ្ញត្ត​ច្បាប់ នោះ​ទោះ​ទាំង​ពាក្យ​អធិស្ឋាន​របស់​អ្នក​នោះ ក៏​ជា​ទី​ស្អប់​ខ្ពើម​ដែរ​»។—សុភាសិត ២៨:៩

នៅ​សម័យ​គម្ពីរ​ព្រះ​មិន​ឆ្លើយ​តប​នឹង​អ្នក​ណា​ដែល​មិន​ធ្វើ​តាម​ច្បាប់​ដ៏​សុចរិត​របស់​លោក​ទេ។ (​អេសាយ ១:១៥, ១៦​) ព្រះ​មិន​បាន​ផ្លាស់​ប្ដូរ​ទេ។ (​ម៉ាឡាគី ៣:៦​) បើ​យើង​ចង់​ឲ្យ​ព្រះ​ឆ្លើយ​តប​នឹង​សេចក្ដី​អធិដ្ឋាន​របស់​យើង យើង​ត្រូវ​តែ​ខំ​ព្យាយាម​រស់​នៅ​សម​ស្រប​តាម​ច្បាប់​របស់​លោក។ ចុះ​យ៉ាង​ណា បើ​យើង​ធ្លាប់​ធ្វើ​អ្វី​ដែល​ខុស​ឆ្គង​ពី​មុន? តើ​នេះ​មាន​ន័យ​ថា ព្រះ​យេហូវ៉ា​នឹង​មិន​ស្ដាប់​យើង​ឬ? ពិត​ជា​មិន​មែន​ទេ! បើ​យើង​ឈប់​ធ្វើ​អ្វី​ទាំង​នោះ ហើយ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត នោះ​លោក​នឹង​អភ័យ​ទោស​ឲ្យ​យើង​ដោ​យ​សេចក្ដី​ស្រឡាញ់។—សកម្មភាព ៣:១៩