លោតទៅអត្ថបទ

ជំនួយ​សម្រាប់​ក្រុម​គ្រួសារ | ឪពុក​ម្ដាយ

ចូរអប់រំកូនរបស់អ្នកអំពីការរួមភេទ

ចូរអប់រំកូនរបស់អ្នកអំពីការរួមភេទ

ផល​វិបាក

ប្រហែល​ម្ភៃ សាមសិប​ឆ្នាំ​មុន ឪពុក​ម្ដាយ​មាន​ឱកាស​ផ្ដើម​និយាយ​ជា​មួយ​កូន​ៗ​របស់​ពួក​គេ​អំពី​រឿង​ខាង​ផ្លូវ​ភេទ ហើយ​ពួក​គេ​អាច​ពន្យល់​អំពី​រឿង​នោះ​បន្តិច​ម្ដង​ៗ​ស្រប​ទៅ​តាម​អាយុ​និង​សេចក្ដី​ត្រូវ​ការ​របស់​កូន។

ប៉ុន្តែ សព្វ​ថ្ងៃ​នេះ​មិន​ដូច​ពី​មុន​ទេ។ សៀវភៅ​មួយ​បាន​រៀប​រាប់​ថា​៖​«​ឥឡូវ​នេះ​ក្មេង​ៗ​កាន់​តែ​ច្រើន​ទទួល​សារ​ជា​ទម្រង់​អាស​អាភាស និង​ប្រព័ន្ធ​ផ្សាយ​ព័ត៌មាន​និង​កម្ម​វិធី​កុមារ​ផ្សាយ​អំពី​រឿង​ខាង​ផ្លូវ​ភេទ​កាន់​តែ​ច្រើន​»​(​The Lolita Effect​)។ តើ​ការ​ដឹង​យ៉ាង​ទូលំ​ទូលាយ​អំពី​រឿង​នេះ​មាន​ផល​ល្អ​ឬ​ផល​អាក្រក់​ដល់​ក្មេង​ៗ​?

អ្វី​ដែល​អ្នក​គួរ​ដឹង

រូប​អាស​អាភាស​មាន​គ្រប់​ទី​កន្លែង។ អ្នក​និពន្ធ​ម្នាក់​ឈ្មោះ​ដេបូរ៉ា រ៉ូសមេន បាន​សរសេរ​ក្នុង​សៀវភៅ​គាត់​ថា​៖​«​សារ​ទម្រង់​អាស​អាភាស​និង​រូប​អាស​អាភាស​មាន​គ្រប់​ទី​កន្លែង គឺ​ក្នុង​ការ​សន្ទនា ការ​ផ្សាយ​ពាណិជ្ជកម្ម ភាពយន្ត សៀវភៅ ចម្រៀង កម្ម​វិធី​ទូរទស្សន៍ សារ​ទូរស័ព្ទ វីដេអូ​ហ្គេម ប៉ាន់ណូ​ផ្សាយ​ពាណិជ្ជកម្ម ក្នុង​អេក្រង់​ទូរស័ព្ទ​និង​អេក្រង់​កុំព្យូទ័រ។ ហេតុ​នេះ កូន​ក្មេង ក្មេង​ជំទង់ និង​យុវវ័យ​សន្មត​ថា​ការ​រួម​ភេទ . . . គឺ​ជា​អ្វី​ដែល​សំខាន់​បំផុត​»​(​Talk to Me First​)។

អ្នក​ផ្សាយ​ពាណិជ្ជកម្ម​ក៏​គួរ​ទទួល​ខុស​ត្រូវ​ដែរ។ អ្នក​ផ្សាយ​ពាណិជ្ជកម្ម​និង​ពួក​ឈ្មួញ​លក់​សម្លៀក​បំពាក់​កុមារ​ស៊ិចស៊ី​ជា​ច្រើន​ម៉ូដ។ នេះ​បង្ហាត់​បង្រៀន​ពួក​គេ​តាំង​ពី​ក្មេង​ឲ្យ​ផ្ដោត​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​រូប​សម្ផស្ស​របស់​ខ្លួន។ សៀវភៅ​មួយ​ចែង​ថា​៖​«​អ្នក​ផ្សាយ​ពាណិជ្ជកម្ម​ដឹង​អំពី​ចំណុច​ខ្សោយ​របស់​កុមារ ហើយ​ទាញ​ប្រយោជន៍​ពី​ពួក​គេ​»​(​So Sexy So Soon​)។ ​«​ពិត​មែន​ថា​ពួក​គេ​គ្មាន​បំណង​ប្រើ​រូប​ទម្រង់​អាស​អាភាស​និង​ផលិតផល​ស៊ិចស៊ី​ដើម្បី​ទាក់​ទាញ​ចិត្ត​កុមារ​ឲ្យ​រួម​ភេទ​ក្ដី​»​ តែ​ពួក​គេ​លើក​ទឹក​ចិត្ត​«​ឲ្យ​ទិញ​ទំនិញ​របស់​ពួក​គេ​»។

ចំណេះ​គឺ​មិន​គ្រប់​គ្រាន់​ទេ។ គ្រាន់​តែ​បុគ្គល​ម្នាក់​ចេះ​បើក​ឡាន មិន​មែន​មាន​ន័យ​ថា​គាត់​ជា​អ្នក​បើក​បរ​ល្អ​ទេ។ ដូច​គ្នា​ដែរ ការ​មាន​ចំណេះ​អំពី​រឿង​ខាង​ផ្លូវ​ភេទ មិន​មែន​មាន​ន័យ​ថា​គាត់​តែង​តែ​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​ប្រកប​ដោយ​ប្រាជ្ញា​អំពី​រឿង​នោះ​ឡើយ។

ចំណុច​សំខាន់: នៅ​សព្វ​ថ្ងៃ​នេះ​សំខាន់​ជាង​ពេល​ណាណា​ទាំង​អស់ អ្នក​ត្រូវ​ជួយ​បង្ហាត់​បង្រៀន​«​សមត្ថភាព​វែក​ញែក​»​របស់​កូន ដើម្បី​ពួក​គេ​អាច​«​សម្គាល់​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ​»។—ហេប្រឺ ៥:១៤

អ្វី​ដែល​អ្នក​អាច​ធ្វើ

សូម​ចាត់​វិធានការ។ ពិត​មែន​ថា​អ្នក​ប្រហែល​ជា​ខ្មាស​អៀន​ក្នុង​ការ​និយាយ​ជា​មួយ​កូន​អំពី​រឿង​ខាង​ផ្លូវ​ភេទ តែ​នេះ​ជា​ភារកិច្ច​របស់​អ្នក។ សូម​កុំ​បណ្ដែត​បណ្ដោយ​ឲ្យ​សោះ។—គោល​ការណ៍​គម្ពីរ សុភាសិត ២២:៦

សូម​រក​ឱកាស​និយាយ​អំពី​រឿង​នោះ​បន្តិច​ម្ដង​ៗ។ ជា​ជាង​និយាយ​អំពី​រឿង​នោះ​យ៉ាង​យូរ​តែ​ម្ដង សូម​ឆ្លៀត​ពេល​និយាយ​បន្តិច​ម្ដង​ៗ​ជា​មួយ​កូន។ អ្នក​អាច​ធ្វើ​ដូច្នេះ​ពេល​នៅ​ក្នុង​ឡាន ឬ​ពេល​ធ្វើ​កិច្ច​ការ​ផ្ទះ​ជា​មួយ​គ្នា។ ដើម្បី​ជួយ​កូន​អ្នក​ឲ្យ​បើក​ចិត្ត សូម​សួរ​សំណួរ​ដែល​លើក​ទឹក​ចិត្ត​គាត់​ឲ្យ​ប្រាប់​អំពី​ទស្សនៈ​ខ្លួន។ ជា​ឧទាហរណ៍ ជា​ជាង​សួរ​ថា​៖​«​តើ​កូន​ចូល​ចិត្ត​ការ​ផ្សាយ​ពាណិជ្ជកម្ម​ដូច​នេះ​ទេ?​»។ សូម​សួរ​ថា​៖​«​ហេតុ​អ្វី​កូន​គិត​ថា​អ្នក​ផ្សាយ​ពាណិជ្ជកម្ម​ប្រើ​រូប​ភាព​ដូច​នេះ​ដើម្បី​លក់​ផលិតផល​របស់​ពួក​គេ?​»។ ក្រោយ​ពី​កូន​ឆ្លើយ សូម​សួរ​ថា​៖​«​តើ​កូន​មាន​អារម្មណ៍​យ៉ាង​ណា​អំពី​រឿង​នេះ?​»។—គោល​ការណ៍​គម្ពីរ ការ​បំភ្លឺ​ច្បាប់ ៦:៦, ៧

សូម​និយាយ​អំពី​រឿង​នោះ​ស្រប​តាម​អាយុ​កូន។ ឪពុក​ម្ដាយ​អាច​បង្រៀន​កូន​តូច​ៗ​អំពី​ឈ្មោះ​នៃ​អវយវៈ​ភេទ និង​អំពី​របៀប​ដែល​ពួក​គេ​អាច​ការ​ពារ​ខ្លួន​ពី​អ្នក​ដែល​បៀតបៀន​កេរ្តិ៍​ខ្មាស​កុមារ។ កាល​ដែល​កូន​កាន់​តែ​ធំ ឪពុក​ម្ដាយ​អាច​ប្រាប់​កូន​យ៉ាង​សង្ខេប​អំពី​ការ​បន្ត​ពូជ។ ពេល​ដែល​កូន​ធំ​ពេញ​វ័យ ពួក​គេ​គួរ​តែ​យល់​ថែម​ទៀត​អំពី​ការ​រួម​ភេទ​និង​ខ្នាត​តម្រា​សីលធម៌​ស្ដី​អំពី​រឿង​នោះ។

សូម​ជួយ​កូន​កាន់​ខ្ជាប់​គោល​ការណ៍​សីលធម៌​ខ្ពស់។ សូម​បង្ហាត់​បង្រៀន​កូន​តាំង​ពី​ក្មេង​អំពី​ភាព​ស្មោះ​ត្រង់ ចិត្ត​ស្មោះ​ឥត​ងាក​រេ និង​ការ​គោរព​អ្នក​ឯ​ទៀត។ យ៉ាង​នេះ ពេល​ដល់​ពេល​និយាយ​ជា​មួយ​កូន​អំពី​រឿង​ខាង​ផ្លូវ​ភេទ អ្នក​មាន​គ្រឹះ​រឹង​មាំ​ជា​ស្រេច។ បន្ថែម​ទៅ​ទៀត សូម​បញ្ជាក់​យ៉ាង​ច្បាស់​នូវ​ខ្នាត​តម្រា​សីលធម៌​របស់​អ្នក។ ជា​ឧទាហរណ៍ បើ​អ្នក​គិត​ថា​ការ​រួម​ភេទ​មុន​រៀប​ការ​មិន​សមរម្យ សូម​ប្រាប់​ដូច្នោះ។ រួច​សូម​ពន្យល់​អំពី​មូលហេតុ​ដែល​រឿង​នេះ​ខុស​និង​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់។ យោង​ទៅ​តាម​សៀវភៅ​មួយ​ពន្យល់​ថា​៖​«​យុវវ័យ​ដែល​និយាយ​ថា​ពួក​គេ​ដឹង​ថា​ឪពុក​ម្ដាយ​របស់​ពួក​គេ​មិន​ពេញ​ចិត្ត​ឲ្យ​ពួក​គេ​រួម​ភេទ​នៅ​គ្រា​យុវវ័យ នោះ​ពួក​គេ​ភាគ​ច្រើន​មិន​ធ្វើ​ទេ​»​(​Beyond the Big Talk​)។

សូម​ទុក​គំរូ​ល្អ។ សូម​កាន់​តាម​ខ្នាត​តម្រា​ដែល​អ្នក​បង្រៀន​កូន។ ជា​ឧទាហរណ៍ តើ​អ្នក​សើច​ពេល​ឮ​កំប្លែង​អាស​អាភាស​ទេ? តើ​អ្នក​ស្លៀក​ពាក់​ស៊ិចស៊ី​ឬ​ទេ? តើ​អ្នក​ចូល​ចិត្ត​ចែ​ចង់​ឬ​ទេ? ទង្វើ​ទាំង​នេះ​អាច​បន្ទាប​បន្ថោក​ខ្នាត​តម្រា​សីលធម៌​ដែល​អ្នក​ព្យាយាម​បង្រៀន​កូន។—គោល​ការណ៍​គម្ពីរ រ៉ូម ២:២១

សូម​មាន​ទស្សនៈ​សម​ហេតុ​ផល។ ការ​រួម​ភេទ​គឺ​ជា​អំណោយ​ពី​ព្រះ នោះ​នាំ​ឲ្យ​បុរស​និង​ស្ត្រី​មាន​អំណរ ក្រោយ​ពី​ពួក​គេ​បាន​រៀប​ការ​ហើយ។ (​សុភាសិត ៥:១៨, ១៩​) សូម​ប្រាប់​កូន​ថា​ក្រោយ​មក​ពួក​គេ​ក៏​អាច​អរ​សប្បាយ​នឹង​អំណរ​នេះ​ដែរ ព្រម​ទាំង​គ្មាន​ការ​ឈឺ​ចិត្ត​និង​ការ​ខ្វល់​ខ្វាយ​ដែល​មក​ពី​ការ​រួម​ភេទ​មុន​រៀប​ការ​សោះ​ឡើយ។—ធីម៉ូថេ​ទី​១ ១:១៨, ១៩