លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេរៀនទី

ពេលមានរឿងខ្លោចផ្សាកើតឡើង

ពេលមានរឿងខ្លោចផ្សាកើតឡើង

«អ្នករាល់គ្នាកំពុងត្រេកអរយ៉ាងខ្លាំង ទោះបីជាអ្នករាល់គ្នាត្រូវតែព្រួយចិត្ដ ដោយសារទុក្ខលំបាកផ្សេងនៅគ្រាឥឡូវនេះក្ដី»។—ពេត្រុសទី១ ១:៦

ទោះជាអ្នកខំព្យាយាមអស់ពីសមត្ថភាពដើម្បីធ្វើឲ្យអាពាហ៍ពិពាហ៍និងក្រុមគ្រួសាររបស់អ្នកមានសុភមង្គលក៏ដោយ ក៏អាចមានរឿងដែលយើងមិនដឹងទុកជាមុនកើតឡើង ដែលធ្វើឲ្យអ្នកពិបាករក្សាអំណរ។ (សាស្តា ៩:១១) ប៉ុន្ដែ ពេលយើងជួបបញ្ហាផ្សេងៗ ព្រះបង្ហាញសេចក្ដីស្រឡាញ់ដោយផ្ដល់ជំនួយនិងការណែនាំដែលយើងត្រូវការ។ ដូច្នេះ បើអ្នកធ្វើតាមគោលការណ៍គម្ពីរដែលមានជាបន្ដបន្ទាប់នេះ អ្នកនិងក្រុមគ្រួសារអាចលៃលកដោះស្រាយបញ្ហាទាំងអស់បាន សូម្បីតែបញ្ហាដ៏ពិបាកបំផុតក៏ដោយ។

១ ពឹងផ្អែកលើព្រះយេហូវ៉ា

គម្ពីររៀបរាប់ថា: ចូរ«ផ្ទេរកង្វល់ទាំងអស់ទៅព្រះ ពីព្រោះលោករមែងគិតអំពីអ្នករាល់គ្នា»។ (ពេត្រុសទី១ ៥:៧) សូមចាំជានិច្ចថា ទុក្ខលំបាកដែលអ្នកមាននោះ មិនមែនមកពីព្រះទេ។ (យ៉ាកុប ១:១៣) កាលដែលអ្នកចូលទៅជិតព្រះ លោកនឹងជួយអ្នកតាមវិធីដែលល្អបំផុត។ (អេសាយ ៤១:១០) សូម«ប្លុងចិត្ដ»អធិដ្ឋានអស់ពីចិត្ដ«នៅចំពោះទ្រង់»។—ទំនុកតម្កើង ៦២:៨

អ្នកនឹងរកឃើញការសម្រាលទុក្ខ ដោយអាននិងសិក្សាគម្ពីរជារៀងរាល់ថ្ងៃ។ ជាលទ្ធផល អ្នកនឹងឃើញថា ព្រះយេហូវ៉ាពិតជា«សម្រាលទុក្ខយើងពីសេចក្ដីវេទនាសព្វបែបយ៉ាង»មែន។ (កូរិនថូសទី២ ១:៣, ៤; រ៉ូម ១៥:៤) លោកសន្យាឲ្យអ្នកនូវ«សេចក្ដីសុខសាន្ដរបស់ព្រះដែលហួសពីការនឹកស្មាន»។—ភីលីព ៤:៦, ៧, ១៣

សូមសាកធ្វើតាមយោបល់នេះ:

  • សូមអធិដ្ឋានសុំជំនួយពីព្រះយេហូវ៉ាដើម្បីឲ្យអ្នករក្សាចិត្ដស្ងប់ និងចេះគិតឲ្យបានច្បាស់លាស់

  • សូមគិតពិចារណាថាមានជម្រើសអ្វីខ្លះ ហើយក្រោយមកសម្រេចយកជម្រើសមួយណាដែលល្អបំផុត

២ សូមថែខ្លួននិងយកចិត្ដទុកដាក់ចំពោះក្រុមគ្រួសារ

គម្ពីររៀបរាប់ថា: «ចិត្ដរបស់មនុស្សវាងវៃ តែងតែចំរើនចំណេះឡើង ហើយត្រចៀករបស់មនុស្សដែលមានប្រាជ្ញា ក៏ស្វះស្វែងរកចំណេះដែរ»។ (សុភាសិត ១៨:១៥) សូមយល់អំពីរឿងទាំងអស់ឲ្យបានសព្វគ្រប់ ដើម្បីអ្នកអាចដឹងអំពីសេចក្ដីត្រូវការរបស់សមាជិកម្នាក់ក្នុងក្រុមគ្រួសារអ្នក។ សូមនិយាយជាមួយនឹងពួកគាត់។ សូមស្តាប់ពួកគាត់។—សុភាសិត ២០:៥

ចុះយ៉ាងណា បើមានមនុស្សជាទីស្រឡាញ់បានស្លាប់? សូមកុំខ្លាចបង្ហាញអារម្មណ៍សោកសៅ។ សូមចាំថា សូម្បីតែលោកយេស៊ូក៏«ស្រក់ទឹកភ្នែក»ដែរ។ (យ៉ូហាន ១១:៣៥; សាស្តា ៣:៤) សូមសម្រាកនិងគេងឲ្យបានគ្រប់គ្រាន់ ព្រោះនោះគឺសំខាន់ណាស់។ (សាស្តា ៤:៦) ការធ្វើដូច្នេះនឹងជួយអ្នកឲ្យយកឈ្នះស្ថានភាពពិបាកដោយងាយស្រួលជាង។

សូមសាកធ្វើតាមយោបល់នេះ:

  • សូមមានទម្លាប់ប្រាស្រ័យទាក់ទងជាមួយនឹងក្រុមគ្រួសារ មុននឹងមានរឿងខ្លោចផ្សាកើតឡើង។ ព្រោះបើធ្វើដូច្នោះ ពេលដែលមានបញ្ហាកើតឡើង ពួកគាត់នឹងមានអារម្មណ៍ស្រួលនិយាយជាមួយនឹងអ្នក

  • សូមនិយាយជាមួយនឹងអ្នកដែលប្រហែលជាធ្លាប់ជួបស្ថានភាពស្រដៀងនឹងអ្នក

៣ ទទួលជំនួយដែលអ្នកត្រូវការ

គម្ពីររៀបរាប់ថា: «មិត្រសំឡាញ់រមែងស្រឡាញ់គ្នានៅគ្រប់វេលា ឯបងប្អូនក៏កើតមកសំរាប់គ្រាលំបាកដែរ»។ (សុភាសិត ១៧:១៧) ទោះជាមិត្ដភក្ដិរបស់អ្នកចង់ជួយអ្នកក៏ដោយ ពួកគាត់ប្រហែលជាមិនដឹងថាត្រូវធ្វើអ្វីទេ។ ដូច្នេះ សូមកុំស្ទាក់ស្ទើរប្រាប់ពួកគាត់អំពីអ្វីដែលអ្នកពិតជាត្រូវការ។ (សុភាសិត ១២:២៥) ម្យ៉ាងទៀត សូមស្វែងរកជំនួយពីអ្នកដែលយល់គម្ពីរ ដើម្បីអ្នកដឹងនូវរបៀបធ្វើតាមគោលការណ៍គម្ពីរ។ ពួកគាត់អាចផ្ដល់ការណែនាំពីគម្ពីរដែលនឹងជួយអ្នកបាន។—យ៉ាកុប ៥:១៤

ពេលដែលអ្នកសេពគប់ជាទៀងទាត់ជាមួយនឹងអ្នកដែលពិតជាមានជំនឿទៅលើព្រះ និងដែលទុកចិត្ដទៅលើសេចក្ដីសន្យារបស់លោក នោះអ្នកនឹងរកឃើញជំនួយដែលអ្នកត្រូវការ។ ណាមួយទៀត ពេលដែលអ្នកជួយអ្នកទៀតដែលត្រូវការការលើកទឹកចិត្ដ នោះអ្នកក៏នឹងទទួលការសម្រាលទុក្ខយ៉ាងច្រើនដែរ។ សូមប្រាប់អ្នកទាំងនោះអំពីជំនឿរបស់អ្នកទៅលើព្រះយេហូវ៉ានិងសេចក្ដីសន្យារបស់លោក។ សូមជាប់រវល់ជានិច្ចក្នុងការជួយអ្នកទៀតដែលត្រូវការជំនួយ ហើយកុំញែកខ្លួនដោយឡែកពីអ្នកដែលស្រឡាញ់អ្នក។—សុភាសិត ១៨:១; កូរិនថូសទី១ ១៥:៥៨

សូមសាកធ្វើតាមយោបល់នេះ:

  • សូមនិយាយជាមួយនឹងមិត្ដភក្ដិជិតស្និទ្ធ ហើយឲ្យគាត់ជួយអ្នក

  • សូមនិយាយដោយស្មោះត្រង់និងចំអំពីសេចក្ដីត្រូវការរបស់អ្នក