លោតទៅអត្ថបទ

តើការចូលជាសមាជិកក្នុងអង្គការសាសនាណាមួយគឺជាការសំខាន់ឬទេ?

តើការចូលជាសមាជិកក្នុងអង្គការសាសនាណាមួយគឺជាការសំខាន់ឬទេ?

ចម្លើយ​ពី​គម្ពីរ

 មែន! ពីព្រោះ​ព្រះ​ចង់​ឲ្យ​មនុស្ស​រួប​រួម​គ្នា​ក្នុង​ការ​គោរព​ប្រណិប័តន៍។ គម្ពីរ​រៀប​រាប់​ថា​៖​«​ចូរ​យើង​គិត​អំពី​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​បំផុស​ទឹក​ចិត្ត​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​និង​ការ​ប្រព្រឹត្ត​ដែល​ល្អ​ប្រសើរ មិន​មែន​ដោយ​គេច​វេះ​ពី​ការ​ប្រជុំ​គ្នា​»។—ហេប្រឺ ១០:២៤, ២៥

 លោក​យេស៊ូ​បាន​បញ្ជាក់​ថា​អ្នក​កាន់​តាម​លោក​នឹង​ត្រូវ​រៀបចំ​ឡើង​ជា​ក្រុម​មួយ ពេល​លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖​«​យ៉ាង​នេះ មនុស្ស​គ្រប់​គ្នា​នឹង​ដឹង​ថា​អ្នក​រាល់​គ្នា​ជា​អ្នក​កាន់​តាម​ខ្ញុំ បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​»។ (​យ៉ូហាន ១៣:៣៥​) វិធី​ចម្បង​មួយ​ក្នុង​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​នេះ គឺ​អស់​អ្នក​កាន់​តាម​គ្រិស្ត​ត្រូវ​សេព​គប់​ជា​មួយ​បង​ប្អូន​រួម​ជំនឿ។ ពួក​គេ​នឹង​បង្កើត​ក្រុម​ជំនុំ​ដែល​ជា​កន្លែង​ដែល​ពួក​គេ​ជួប​ជុំ​គ្នា​ជា​ទៀង​ទាត់​ដើម្បី​ធ្វើ​ការ​គោរព​ប្រណិប័តន៍​ព្រះ។ (​កូរិនថូស​ទី​១ ១៦:១៩​) តាម​រយៈ​ការ​រៀបចំ​បែប​នេះ ពួក​គេ​ទាំង​អស់​គ្នា​មាន​បង​ប្អូន​រួម​ជំនឿ​នៅ​ទូទាំង​ពិភព​លោក។—ពេត្រុស​ទី​១ ២:១៧

មាន​អ្វី​មួយ​ទៀត​ដែល​សំខាន់​ជាង​ការ​ចូល​ជា​សមាជិក​សាសនា

 នៅ​ពេល​ដែល​គម្ពីរ​ប្រាប់​ថា​មនុស្ស​គួរ​ជួប​ជុំ​គ្នា​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ នេះ​មិន​មាន​ន័យ​ថា​ពួក​គេ​គ្រាន់​តែ​ចូល​ជា​សមាជិក​សាសនា​ណា​មួយ ហើយ​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត​នោះ​ទេ។ ប៉ុន្តែ ពួក​គេ​គួរ​ឲ្យ​សាសនា​នោះ​មាន​ឥទ្ធិពល​ទៅ​លើ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​វិញ។ ជា​ឧទាហរណ៍ គម្ពីរ​រៀប​រាប់​ថា​៖​«​តាម​ទស្សនៈ​របស់​លោក​ដែល​ជា​ព្រះ​និង​ជា​បិតា​របស់​យើង របៀប​គោរព​ប្រណិប័តន៍​ដែល​ស្អាត​ស្អំ​និង​ឥត​សៅហ្មង​នោះ​គឺ​៖ថែ​រក្សា​កូន​កំព្រា​និង​ស្ត្រី​មេម៉ាយ​ដែល​កំពុង​រង​ទុក្ខ​វេទនា ហើយ​រក្សា​ខ្លួន​មិន​ឲ្យ​ប្រឡូក​ប្រឡាក់​នឹង​ពិភព​លោក​នេះ​»។—យ៉ាកុប ១:២៧